ឆក់ទូរស័ព្ទបានយកទៅលក់ប៉ះចំអ្នកទិញចិត្តល្អ ថតរូបរាយការណ៍ជូនលោកអធិការតាមចាប់បានភ្លាមៗ

ចែករំលែក៖

ខេត្តកណ្តាល÷ ជនសង្ស័យម្នាក់ដែលញៀនថ្នាំយ៉ាងខ្លាំងត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនបានសម្រេច បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់នៅតាមដងផ្លូវ រួចយកទៅលក់ តែត្រូវម្ចាស់ហាងសង្ស័យ លួចថតរូបរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យតាមចាប់។

ហេតុការណ៍ឆក់យកទូរស័ព្ទនេះបានកើតឡើងកាលពីថ្ងៃទី១១ កុម្ភៈ ២០២៦ វេលាម៉ោង ១៣ និង៣០នាទី នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ថន រិទ្ធី ហៅ វៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ធ្លាប់ប្រើប្រាស់គ្រឿងញៀន៣ឆ្នាំ និងមានសារធាតុញៀនក្នុងទឹកនោម)។ ចំណែកឯជនរងគ្រោះមានឈ្មោះ ចាន់ លក្ខិណា ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅខេត្តព្រៃវែង។

លោកអធិការបានឲ្យដឹងទៀតថា វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន ម៉ូតូ ១គ្រឿង ម៉ាក Honda Dream (សង់ប៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-7112 (មធ្យោបាយធ្វើសកម្មភាព) និងទូរស័ព្ទដៃ២គ្រឿង (iPhone 16 Pro Max ពណ៌ប្រផេះ របស់ជនរងគ្រោះ និង iPhone 6s របស់ជនសង្ស័យ)។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ Scoopy ពណ៌ស (ស្លាកលេខ ភ្នំពេញ 1NU-5531) ធ្វើដំណើរនៅលើផ្លូវជាតិលេខ១ពីភ្នំពេញទៅអ្នកលឿង។ លុះមកដល់ចំណុចជិតភ្លើងស្តុប
កំពង់ផែ ម្តាយបង្កើតបានទូរស័ព្ទមកសួរនាំ ជនរងគ្រោះក៏បង្អង់ម៉ូតូដកទូរស័ព្ទនិយាយជាមួយម្តាយ។ ភ្លាមនោះ ស្រាប់តែជនសង្ស័យជិះម៉ូតូមកក្បែរហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទ iPhone 16 Pro Max បានសម្រេច រួចជិះគេចខ្លួនបាត់។

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង លុះដល់ម៉ោង ១៥ និង៥០នាទី ថ្ងៃដដែល ប៉ុស្តិ៍នគរបាលបន្ទាយដែក បានទទួលដំណឹងពីម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ឈ្មោះ សៅរ៍ សុវណ្ណសិលា ភេទប្រុស អាយុ២៣ឆ្នាំថា មានគេយកទូរស័ព្ទមកលក់គួរឲ្យសង្ស័យ និងបានលួចថតរូបជនសង្ស័យផ្ញើឲ្យសមត្ថកិច្ច។ ក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក ព្រុំ សំណាង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវតាមរូបភាពនោះ រហូតដល់ម៉ោង ១៧ និង៣៥នាទី ក៏ឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិកណ្តាលលើ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឆក់យកទូរស័ព្ទដើម្បីយកទៅលក់យកលុយទិញថ្នាំញៀនប្រើប្រាស់។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print