ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តអគ្គីភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈមានអគ្គីភ័យកើតឡើង ប៉ុន្មានថ្ងៃមកនេះមានអគ្គីភ័យឆាបឆេះឃ្លាំងស្ដុកទំនិញ ផ្ទះអាជីវករលក់ចាប់ហួយ និងអាគារស្នាក់នៅរបស់កម្មករ កម្មការិនីជាដើម ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងគ្រប់គ្រងបានយ៉ាងល្អ រឿងការថែរក្សាសន្តិ សុខ សុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាមួយនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងការងារទប់ស្កាត់គ្រោះអគ្គីភ័យជាដើម រហូតរដ្ឋបាលរាជធានីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំង ។
លោក ឃួង ស្រេង បានបន្ដថា៖ ពាក់ព័ន្ធនឹងគ្រោះអគ្គីភ័យ យើងបានត្រៀមរថយន្តអគ្គីភ័យជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈមានអគ្គីភ័យកើតឡើង ជាមួយនិងការណែនាំឱ្យមន្ត្រីយកចិត្តទុកដាក់អនុវត្ត ដំបូងគេ គឺត្រូវសង្គ្រោះជីវិតមនុស្ស ជាមួយនិងការណែនាំឱ្យត្រៀមរថយន្តសង្គ្រោះនៅទីតាំងកើតហេតុជាស្រេច។ កន្លងមករដ្ឋបាលរាជធានីបានចាត់ចែងរៀបចំដាក់រថយន្តពន្លត់អគ្គិភ័យនេះនៅតាមខណ្ឌនិងគោលដៅមួយចំនួនដើម្បីងាយចល័តសង្គ្រោះ។ នៅពេលបច្ចុប្បន្ន ការអន្តរាគមន៍លើគ្រោះអគ្គីភ័យនេះ នៅមានបញ្ហាប្រឈមច្រើន ដោយសារនៅភ្នំពេញមានអគារខ្ពស់ៗ រហូតដល់កំពស់៤៥ ទៅ ៤៧ជាន់។ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តអនុវត្តការងារនេះដោយការយកចិត្តទុកដាក់ខ្ពស់ សំដៅធ្វើយ៉ាងណាកាត់បន្ថយឱ្យបាននៅគ្រោះអគ្គីភ័យនេះ។
លោក ឃួង ស្រេង បានបន្តថា ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានដោះ ស្រាយបានកំណាត់ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងនិងផ្លូវលេខ២៣០ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោកនិងខណ្ឌបឹងកេងកង ដោយមិនឱ្យអាជីវករលក់ដូរលើចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ហើយកិច្ចការងារនេះយើងសំរេចបានមួយជំហានធំហើយ ដោយអាជីវករមួយចំនួនធំបានសម្រេចចិត្តទៅលក់ ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃនិងផ្សារដើមគថ្មី។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន នៅត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ ដើម្បីឱ្យទាន់ផែនការដែលជាបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ឃួង ស្រេង បានបន្ថែមទៀតថា៖ ផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ក្នុងស្រុកដ៏ល្បីល្បាយមួយរបស់រាជធានីភ្នំពេញ ហើយក៏ជាកន្លែងផ្សព្វផ្សាយដ៏ពេញ និយមផងដែរ។ដូច្នេះជាការងារចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនា ម័យ បរិស្ថានយ៉ាងយកចិត្តទុកដាក់បំផុត។ យើងបានប្តេជ្ញាចិត្តថែរក្សាខ្សែក្រវ៉ាត់មួយនេះឱ្យបានគង់វង់។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីដែលបានអនុវត្តការងារកន្លងមកបានយ៉ាងល្អ ទាំងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ការបំរើសេវាជូនប្រជាពលរដ្ឋ រហូតទទួលបានចំណាត់ថ្នាក់លេខ២ ពីក្រសួងមហាផ្ទៃ។ រដ្ឋបាលរាជធានីបានដោះស្រាយកំណាត់ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ រហូតទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ លើគ្រោះអគ្គីភ័យ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ចិន វៀតណាមខាងមុខនេះបន្ថែមទៀត៕
ដោយ៖ សំរិត









