ខេត្តកណ្តាល÷ យុវជន ២នាក់ ដែលកំពុងជិះម៉ូតូធ្វើ ដំណើរទៅលេងផ្ទះជីដូននៅក្រុងតាខ្មៅ ត្រូវបានក្រុមជនសង្ស័យមួយក្រុមមានគ្នាប្រហែល ៨នាក់ ជិះម៉ូតូ ៤គ្រឿង មកធ្វើសកម្មភាពធាក់ផ្តួល និងគប់ដុំថ្ម រួចប្លន់យកម៉ូតូស៊េរីទំនើបបានសម្រេចហើយជិះគេចខ្លួនបាត់។ ហេតុការណ៍ប្លន់ដ៏សាហាវនេះ បានកើតឡើងកាលពីថ្ងៃទី១១ កុម្ភៈ ២០២៦ វេលាម៉ោង ២០និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ២១ (ខាងត្បូងស្ពានព្រែកយាយហាយ) ស្ថិតក្នុងភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនរងគ្រោះទាំង ២នាក់ រួមមានទី១ ឈ្មោះ ខុម ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ (ជាម្ចាស់ម៉ូតូ) និងទី២ ឈ្មោះ ជឿន ម៉េងហៀង ភេទប្រុស អាយុ១៨ឆ្នាំមុខរបរកសិករ (អ្នករួមដំណើរ)។ អ្នកទាំងពីរមានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
លោកអធិការបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ១គ្រឿង ម៉ាក Honda Dream C125 (ស៊េរីឆ្នាំ២០២៥) ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AU-5449 ធ្វើដំណើរពីត្បូងទៅជើងក្នុងគោលបំណងទៅលេងផ្ទះជីដូននៅសង្កាត់ស្វាយរលំ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាប្រមាណ ០៨ នាក់ ជិះម៉ូតូ Honda Dream ពណ៌ខ្មៅ ចំនួន ០៤ គ្រឿង បានជិះតាមពីក្រោយ។ ភ្លាមនោះ ជនសង្ស័យម្នាក់បានលើកជើងធាក់ដៃចង្កូតម៉ូតូខាងឆ្វេងរបស់ជនរងគ្រោះបណ្ដាលឲ្យដួលទៅលើផ្លូវជាតិ រួចបក្ខពួកជនសង្ស័យបានយកដុំថ្មដេញគប់ទៅលើជនរងគ្រោះ ធ្វើឲ្យពួកគេភ័យរត់គេចខ្លួនទៅរកអ្នកភូមិឲ្យជួយ។ ឃើញឱកាសល្អ ក្រុមជនសង្ស័យបានលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនទៅទិសខាងជើងបាត់ ស្រមោល។
លោកអធិការបានបញ្ជាក់ថា នៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញវត្ថុតាងដែលក្រុមជនសង្ស័យបន្សល់ទុករួមមាន ដុំថ្ម ១ដុំ និងស្បែកជើងពណ៌ខ្មៅ ១ចំហៀង (ខាងស្ដាំ)។ ក្រោយកើតហេតុ ជនរងគ្រោះបានទៅប្រាប់គ្រួសារ និងបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់៕










