បោះឆ្នោតសកលនៅបង់ក្លាដែស គណបក្សជាតិនិយមបង់ក្លាដែស BNP ទទួលបានសំឡេងគាំទ្រលើសលប់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ គណបក្សជាតិនិយមបង់ក្លាដែស Bangladesh Nationalist Party (BNP) បានទទួលការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកលក្រោយបដិវត្តន៍ Gen Z ដែលត្រូវបានគេរំពឹងថា នឹងអាចស្តារស្ថិរភាពនយោបាយឡើងវិញ សម្រាប់ប្រទេសអាស៉ីខាងត្បូងមួយនេះ។

ទូរទស្សន៍បង់ក្លាដែស Jamuna TV បានរាយការណ៍ថា គណបក្ស BNP អាចបំពេញតាមការព្យាករណ៍ ដោយរដ្ឋាភិបាលចម្រុះគ្រប់គ្រងបាន ២០៩អាសនៈ ដែលធានាបាននូវសំឡេងពីរភាគបីក្នុងសភាជាតិ ដែលមានសមាជិកចំនួន ៣០០រូប។
BNP ដឹកនាំដោយបេក្ខជននាយករដ្ឋមន្ត្រី លោក Tarique Rahman អាយុ ៦០ឆ្នាំ ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Khaleda Zia និងអតីតប្រធានាធិបតី លោក Ziaur Rahman។ បន្ទាប់ពីឈ្នះសំឡេងភាគច្រើន នៅក្នុងការរាប់សន្លឹកឆ្នោតពេញមួយយប់ BNP បានថ្លែងអំណរគុណដល់ប្រជាជន និងអំពាវនាវឱ្យមានការធ្វើអធិស្ឋានពិសេសមួយ នាថ្ងៃសុក្រនេះ។
ការបោះឆ្នោតសកលនៅបង់ក្លាដែស បានប្រព្រឹត្តទៅក្រោយភាពចលនា និងបះបោរដឹកនាំដោយក្រុមយុវជន កាលពីឆ្នាំ ២០២៤ និងដែលបានផ្តួលរំលំរបបដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី Sheikh Hasina ដែលកាន់អំណាចយូរមកហើយ។ លទ្ធផលជាក់លាក់មួយ នឹងមានសារៈសំខាន់សម្រាប់ស្ថិរភាពប្រទេស ដែលមានប្រជាជនចំនួន ១៧៥លាននាក់ ហើយភាគច្រើនគឺជាអ្នកកាន់សាសនាអ៉ីស្លាម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print