គ្រូបង្វឹក Igor Tudor បានយល់ព្រមលើកិច្ចព្រមព្រៀង ដើម្បីក្លាយជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹប Tottenham Hotspur រហូតដល់ចុងរដូវកាល។
ការតែងតាំងនេះកើតឡើងបន្ទាប់ពីក្លិបបានបណ្តេញគ្រូបង្វឹក Thomas Frank កាលពីដើមសប្ដាហ៍នេះ ខណៈ Spurs នៅសល់គម្លាត ៥ ពិន្ទុពីតំបន់ធ្លាក់ចុះទៅលេងនៅChampionship។ ប្រភពបានប្រាប់ BBC Sport ថា ក្លឹបចង់មានគ្រូបង្វឹកបណ្តោះអាសន្ន មុនពេលកីឡាករត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃចន្ទ។
លោកTudor មិនទាន់មានការងារធ្វើចាប់តាំងពីត្រូវបានបណ្តេញចេញពីក្លឹប Juventus នៅខែតុលា ឆ្នាំ ២០២៥ បន្ទាប់ពីដឹកនាំការប្រកួតមិនឈ្នះ ៨ ប្រកួតជាប់គ្នា ដែលធ្វើឱ្យក្រុមធ្លាក់ទៅឈរលេខ ៨ នៅ Serie A។
គ្រូបង្វឹកវ័យ ៤៧ ឆ្នាំរូបនេះ មានបទពិសោធន៍ដឹកនាំក្លឹបជាច្រើន រួមមាន Lazio, Marseille, Galatasaray និង Udinese ជាដើម។
ក្នុងអាជីពជាកីឡាករ Tudor បានលេងឱ្យ Juventus រយៈពេល ៩ ឆ្នាំ ឈ្នះពាន Serie A ពីរដង និងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០០៣ ជាក្រុមរងជើងឯក។ គាត់ក៏ជាសមាជិកក្រុមជម្រើសជាតិ ក្រូអាត ដែលបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៩៨ ផងដែរ។
Tudor អាចត្រូវបានពិចារណាឱ្យកាន់តំណែងអចិន្ត្រៃយ៍ ប្រសិនបើគាត់បង្ហាញលទ្ធផលល្អក្នុងតួនាទីថ្មីនេះ។ ទោះយ៉ាងណា អតីតគ្រូបង្វឹក Spurs លោក Mauricio Pochettino ក៏ជាបេក្ខភាពសំខាន់ម្នាក់ដែរ ខណៈកិច្ចសន្យារបស់គាត់ជាមួយក្រុមជម្រើសជាតិបុរស សហរដ្ឋអាមេរិក នឹងផុតកំណត់បន្ទាប់ពី World Cup រដូវក្តៅខាងមុខ។
ជាមួយគ្នានេះ អតីតគ្រូបង្វឹក Marseille លោក Roberto De Zerbi ក៏ត្រូវបានគេចាត់ទុកជាជម្រើសមួយផងដែរ បន្ទាប់ពីបានចាកចេញពីក្លឹបបារាំងដោយការព្រមព្រៀងរួមគ្នា។









