រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងរៀបចំដាក់ឱ្យដំណើរការកម្មវិធីគាំទ្រអង្ករដែលមានតម្លៃជិត ៧១៣លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ដែលរំពឹងថានឹងកើនឡើងដល់ជាង ៣៥ លានគ្រួសារនៅទូទាំងប្រទេស ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និងធានាសុខុមាលភាពសង្គម នេះបើយោងតាមរដ្ឋមន្ត្រីសម្របសម្រួលឥណ្ឌូនេស៊ីសម្រាប់កិច្ចការសេដ្ឋកិច្ចលោក Airlangga Hartarto ។
លោកបាននិយាយកាលពីថ្ងៃទី ១១ ខែកុម្ភៈថា គោលនយោបាយជំនួយអង្ករគឺជាផ្នែកមួយនៃកញ្ចប់ជំរុញទឹកចិត្តរបស់រដ្ឋាភិបាលក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទីមួយ។ ក្រោមគោលនយោបាយ គ្រួសារនីមួយៗដែលត្រូវបានចាត់ថ្នាក់ថាក្រីក្រខ្លាំង ឬងាយរងគ្រោះ នឹងទទួលបានអង្ករ ១០ គីឡូក្រាម និងប្រេងឆាចំនួន ២ លីត្រ។
ស្ថិតិប្រទេសឥណ្ឌូណេស៊ី (BPS) បានព្យាករណ៍ថា ផលិតកម្មអង្ករជាតិក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ មានចំនួន ១០,១៦ លានតោន កើនឡើងយ៉ាងខ្លាំង ១៥,៧៨% បើធៀបនឹង ៨,៧៨ លានតោនក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Airlangga បានបញ្ជាក់ថា ការផ្គត់ផ្គង់អង្ករជាតិគឺគ្រប់គ្រាន់ដើម្បីធានាដល់ការអនុវត្តកម្មវិធី។ ទីភ្នាក់ងារភស្តុភារជាតិឥណ្ឌូណេស៊ី (Bulog) នឹងទទួលខុសត្រូវក្នុងការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចែកចាយអង្ករ និងប្រេងចម្អិនអាហារទៅកាន់អ្នកទទួលផល។
មន្ត្រីរដ្ឋាភិបាលខាងលើក៏បានសង្កត់ធ្ងន់ថា ការសហការយ៉ាងជិតស្និទ្ធគ្រប់កម្រិត គឺជាចំណុចសំខាន់ក្នុងការធានាខ្សែសង្វាក់ភ័ស្តុភារធ្វើការដោយរលូន ការពារការពន្យារពេល ឬការបាត់បង់ និងបង្កើនប្រសិទ្ធភាពនៃគោលនយោបាយមនុស្សធម៌នេះ ក្នុងបរិបទតម្លៃទីផ្សារកំពុងប្រែប្រួល៕










