លោកស្រី​ ចម និម្មល៖​ «យុទ្ធនាការផលិតផលជាតិ» គឺជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រមួយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួង និងតំណាងស្ថាប័នពាក់ព័ន្ធ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «យុទ្ធនាការផលិតផលជាតិ» ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនៅផ្សារទំនើប Chip Mong 271 Mega Mall នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ លោកស្រី​រដ្ឋមន្ត្រី បានបញ្ជាក់ថា «យុទ្ធនាការផលិតផលជាតិ» គឺជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រមួយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ស្របតាមនិន្នាការកើនឡើងនៃការគាំទ្រផលិតផលខ្មែរ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រី​បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជា កាន់តែមានទំនុកចិត្ត និងផ្តល់តម្លៃដល់គុណភាព សុវត្ថិភាព និងអត្តសញ្ញាណរបស់ផលិតផលជាតិ ដែលជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។

លោកស្រី​បានលើកឡើងថា ការអនុវត្តយុទ្ធនាការនេះ មិនអាចខ្វះការចូលរួមពីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាចលករសំខាន់ក្នុងការផលិត និងកែច្នៃផលិតផលក្នុងស្រុកនោះទេ។ ជាមួយគ្នានេះ បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស ក៏មានតួនាទីសំខាន់ក្នុងការផ្ដល់លំហទីផ្សារ បង្កើនឱកាសចែកចាយ និងលើកកម្ពស់ភាពមើលឃើញរបស់ផលិតផលខ្មែរ ដោយមានការសម្របសម្រួល និងគាំទ្រពីក្រសួងពាណិជ្ជកម្ម។

បន្ថែមពីនេះ លោកស្រី​បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តរួមចំណែកក្នុងការកសាងវប្បធម៌គាំទ្រផលិតផលជាតិ ដោយឈរលើស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក។ ការរួបរួមជាធ្លុងមួយរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន នឹងជំរុញឱ្យមានការបង្កើនផលិតកម្ម ធ្វើពិពិធកម្មផលិតផល បង្កើនគុណភាព និងពង្រីកមូលដ្ឋានឧស្សាហកម្មជាតិឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។

...

សូមជម្រាបថា ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការនេះ ក៏មានការដាក់តាំងបង្ហាញផលិតផលជាតិរយៈពេល ២ ថ្ងៃ នៅផ្សារទំនើប Chip Mong 271 Mega Mall គឺថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីផ្ដល់ឱកាសដល់សហគ្រាសក្នុងស្រុកបង្ហាញសមត្ថភាពផលិត និងឱ្យប្រជាពលរដ្ឋបានស្គាល់ ក៏ដូចជាគាំទ្រផលិតផលខ្មែរ កាន់តែទូលំទូលាយ ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print