ខេត្តត្បូងឃ្មុំ÷ នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសនៅត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំ បានក្លាយជាទីជួបជុំរីករាយរបស់ប្រជាពលរដ្ឋរាប់រយនាក់ ដែលមកចូលរួមក្នុងពិធីចាប់ត្រីតាមបែបបុរាណមួយ ដែលសំបូរទៅដោយស្នាមញញឹម សម្លេងសើច និងក្លិនអារម្មណ៍សាមគ្គី។
លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រីហេង សំអាន ប៉ែនកុសល្យ បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជុំវិញខេត្ត ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពិធីចាប់ត្រីដោយប្រើឧបករណ៍បុរាណ នៅតំបន់ត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ពិធីនេះមិនមែនជាការចាប់ត្រីធម្មតាប៉ុន្តែជាការរស់ឡើង វិញនៃទំនៀមទម្លាប់បុរាណ ដែលបុព្វបុរសខ្មែរបានបន្តបង្រៀនពីជំនាន់មួយទៅជំនាន់មួយ។ ប្រជាពលរដ្ឋចូល រួមដោយប្រើឧបករណ៍ប្រពៃណី ដូចជា អង្រែ សំណាញ់ កន្ត្រក និងវិធីសាស្ត្រចាប់ត្រីដែលមិនបំផ្លាញធនធានធម្មជាតិ។
ក្នុងស្រះទឹកត្រពាំងក្រម សម្លេងទឹកហូរជាមួយសម្លេងសើចរបស់កុមារ មនុស្សចាស់ និងយុវជន បង្កើតបានជាផ្ទាំងភាពស្រស់ស្អាតមួយនៃជីវិតជនបទខ្មែរ។ មិនមាន ការប្រកួតប្រជែងមិនមានការឈ្នះចាញ់ មានតែការចែក រំលែក ការជួយគ្នា និងភាពរីករាយរួម។ ប្រជាពលរដ្ឋមូលដ្ឋានបានលើកឡើងថា ពិធីនេះជាឱកាសសំខាន់ក្នុងការរឹតបន្តឹងសាមគ្គីភាពក្នុងសហគមន៍ ព្រមទាំងបង្រៀនកូនចៅឲ្យស្គាល់តម្លៃវប្បធម៌ប្រពៃណី និងការថែរក្សាប្រភពធនធានទឹកឲ្យមានចីរភាព។
ពិធីចាប់ត្រីតាមបែបបុរាណ នៅត្រពាំងក្រម ឆ្នាំ២០២៦ មិនត្រឹមតែផ្តល់ត្រីសម្រាប់អាហាររួមទេ ប៉ុន្តែថែមទាំងផ្តល់ “អាហារផ្លូវចិត្ត” ជាការចងចាំល្អសម្រាប់សហគមន៍ និងជាសញ្ញាបង្ហាញថា វប្បធម៌ខ្មែរ នៅតែរស់ និងមាន តម្លៃ ក្នុងសង្គមសម័យថ្មី៕










