ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសHarry Kane សម្រេចបានគ្រាប់បាល់ច្រើនជាងគេក្នុងអាជីពចំនួន 500 គ្រាប់ ខណៈដែល Bayern Munich បានយកឈ្នះក្នុងលទ្ធផល 3-0 នៅលើទឹកដី Werder Bremen កាលពីថ្ងៃសៅរ៍ ដោយបានបន្តការកាន់កាប់របស់ពួកគេនៅលើកំពូលតារាង Bundesliga ។ ប្រធានក្រុមជម្រើសជាតិអង់គ្លេសបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងរយៈពេលបីនាទីដំបូងក្នុងតង់ទី 1 ដើម្បីកើនចំនួន26គ្រាប់សម្រាប់លីគរបស់គាត់ និង 41គ្រាប់ នៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។
គ្រាប់បាល់ដំបូងរបស់ Kane ក្នុងបាល់ទាត់អាជីពបានកើតឡើងកាលពី 15 ឆ្នាំមុន នៅពេលដែលគាត់បានស៊ុតបញ្ចូលទីក្នុងវ័យ 17 ឆ្នាំដែលលេងឱ្យ Leyton Orient ទល់នឹង Sheffield Wednesday ។
នោះគឺជាគ្រាប់មួយក្នុងចំណោមគ្រាប់ទាំង 5 ដែលគាត់ទទួលបានសម្រាប់ Leyton Orient មុនពេលគាត់បន្តរកបាន 2 គ្រាប់សម្រាប់ Leicester បន្ទាប់មក 9 គ្រាប់សម្រាប់ Millwall ហើយ 280 សម្រាប់ Tottenham និងបច្ចុប្បន្នកំពុងរកបាន 126 គ្រាប់សម្រាប់ក្រុម Bayern Munich ។
Kane ក៏ជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសដែលរកបាន 78គ្រាប់៕
Kane រកបាន 500 គ្រាប់ក្នុងការបង្ហាញខ្លួន 743 សម្រាប់ក្លឹប និងប្រទេស។
នោះមានន័យថាគាត់បានឈានដល់ចំនួន500គ្រាប់លឿនជាងវីរបុរសព័រទុយហ្គាល់ Cristiano Ronaldo ដែលក្នុងឆ្នាំ 2015 បានរកគ្រាប់បាល់ទី 500 របស់គាត់ក្នុងការប្រកួតលើកទី 753 របស់គាត់ក្នុងបាល់ទាត់អាជីព។
ប៉ុន្តែ Lionel Messi គឺជាអ្នករកបានលឿនបំផុតក្នុងចំណោមអ្នកទាំងបីក្នុងការឈានដល់ចំនួននេះ។
តារាអាហ្សង់ទីនបានស៊ុតបញ្ចូលទីគ្រាប់ទី 500 របស់គាត់នៅក្នុងខែមេសា 2016 នៅក្នុងការបង្ហាញខ្លួនជាអាជីពលើកទី 632 របស់គាត់។ នោះគឺជាការប្រកួត 121 ប្រកួតលឿនជាង Ronaldo និង 111 ប្រកួតលឿនជាង Kane ៕










