ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ១ គ្រួសារ ក្នុងស្រុកស្វាយជ្រំ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ១ គ្រួសារ ក្នុងស្រុកស្វាយជ្រំ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។

ជាក់ស្តែង នាថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៦ លោក ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានចាត់ឱ្យក្រុមការងារសាខា អនុសាខា ដឹកនាំដោយលោកស្រី ពៅ សុភាព ហេរញ្ញិកគណៈកម្មាសាខា និសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ ១ គ្រួសារ ដែលរងគ្រោះកាលពី  ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ បណ្តាលឱ្យខូចខាតផ្ទះមួយខ្នងសង់អំពីឈើដំបូលប្រក់ស័ង្កសី និងសំយ៉ាបខាងមុខ ខូចខាតទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់ របស់ឈ្មោះ កែវ ថន ភេទស្រី អាយុ ៧២ ឆ្នាំ ជាអនុប្រធានភូមិ មានទីលំនៅភូមិច័ន្សា ឃុំដូនស ស្រុកស្វាយជ្រំ មូលហេតុអុជធូបសែនលើផ្ទះថ្ងៃសិល្ប៍ ។

ក្នុងឱកាសនោះលោកស្រី ពៅ សុភាព បាននាំមកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។

ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្តសូមកុំអស់សង្ឃឹម ហើយប្រឹងប្រែងបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។ លោកជំទាវ ពៅ សុភាព ក៍បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៏ ពណ៌សប្បុរ ពោលគឺទីណាមានការលំបាកទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច ជាក់ស្តែងអំណោយដែលយកមកផ្តល់ជូននាពេលនេះគឺបានមកពីការបរិច្ចាករបស់សប្បុរសជននានា ថ្វីត្បិតតែមិនសាកសមទៅនឹងអ្វីដែលបងប្អូនបាត់បង់ពិតមែន តែក៏អាចជួយដោះស្រាយបងប្អូនបានមួយរយៈពេលខ្លីផងដែរ ។

លោកស្រី បានបន្តថា រដូវប្រាំងឆ្នាំនេះមានអាកាសធាតុក្តៅខ្លាំង ដូច្នេះសូមបងប្អូនត្រូវមានការប្រុងប្រយត័្នខ្ពស់ទោះលើការប្រើប្រាស់ភ្លើងទាន ធូប ចង្ក្រាន និងភ្លើងអគ្គិសនី ដែលជាប្រភពអាចបណ្តាលឲ្យឆាបឆេះគ្រប់ពេលវេលាបើសិនជាយើងមិនបានត្រួតពិនិត្យ ហើយត្រូវត្រៀមបម្រុងទឹកទុកក្នុងពាង អោយជាប់ជាប្រចាំងាយស្រួលពេលមានបញ្ហាអ្វីអាចជួយសង្គ្រោះបានទាន់ពេលវេលា ។

ជាពិសេសចំពោះបងប្អូនដែលប្រើប្រាស់ ផ្ទាំងសូឡា ត្រូវមានការប្រុងប្រយ័ត្ន ឧស្សាហ៍ត្រួតពិនិត្យ ជៀសវាងមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ ។

...

អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កៅស៊ូតង់ ១ ឆ្នាំងបាយ-សម្លរ ២ កន្ទេលបត់ ១ មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៤០ ម៉ឺន រៀល ថវិកាមូលនិធិឃុំ ៦៧ ម៉ឺនរៀល និងមានការចូលរួមពីប្រជាពលរដ្ឋរួមមានសម្ភារ និងថវិកាមួយចំនួន ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print