ភ្នំពេញ៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតអន្តរក្រសួងលើសេចក្តីព្រាង «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥» ក្រោមអធិបតីភាពឯកឧត្តម ឃឹម រុស្សីដា រដ្ឋលេខាធិការ និងឯកឧត្តម ស ចាន់ធី នៅទីស្តីការគណៈរដ្ឋមន្ត្រី ជាសហប្រធាន។
សេចក្តីព្រាង «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥» មានចក្ខុវិស័យ “ប្រទេសកម្ពុជារួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ ធ្វើឱ្យជីវភាពរស់នៅប្រកបដោយចីរភាព ជំរុញសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍ»។ គោលបំណងនិងគោលដៅនៃគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ មានគោលបំណងបញ្ចប់ការបោសសម្អាតតំបន់ដែលដឹងថាមានមីននិងគ្រាប់បែកចង្កោម កាត់បន្ថយតំបន់សំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត និងគាំទ្រកិច្ចសង្គ្រោះជនរងគ្រោះ ប្រកបដោយចីរភាពនិងបរិយាបន្ន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនិងគោលបំណងខាងលើ គ.ជ.ស.ម.បានដាក់ចេញនូវគោលដៅចម្បងចំនួន៦ រួមមាន៖
១- រំដោះផ្ទៃដីដែលដឹងថាមានមីនទាំងអស់ត្រឹមឆ្នាំ២០៣០ និងផ្ទៃដីដែលដឹងថាមានគ្រាប់បែកចង្កោមទាំងអស់ និងផៃ្ទដីអាទិភាពដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាមត្រឹមឆ្នាំ២០៣៥។
២- កសាងសមត្ថភាពនិងបង្កើតក្របខ័ណ្ឌជាតិប្រកបដោយចីរភាព ដើម្បីគ្រប់គ្រងសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់។
៣- ផ្តល់ការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះប្រកបដោយប្រសិទ្ធភាព ឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការនិងបរិបទ។
៤- ផ្តល់សេវាកម្មនិងជំនួយឱ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធភាព ជូនដល់ជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។
៥- លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងជំនួយអន្តរជាតិក្នុងសកម្មភាពមីនប្រកបដោយប្រសិទ្ធភាព។
៦- ធានាថាសកម្មភាពមីនឆ្លើយតបបញ្ហាអន្តរវិស័យ និងប្រើប្រាស់កត្តាជំរុញឱ្យប្រសើរឡើង៕
ដោយ÷ចន្ទ លីហ្សា










