កម្ពុជា ចូលរួមជាមួយផែនការសន្តិភាពរបស់ Donald Trump បានបង្ហាញយ៉ាងច្បាស់ពីជំហរ និងអត្តសញ្ញាណនយោបាយរបស់ខ្លួនថា ជាប្រទេសដែលគាំទ្រ និងលើកកម្ពស់សន្តិភាពជាគោលការណ៍ស្នូល។ សម្រាប់កម្ពុជា សន្តិភាពមិនមែនជាពាក្យស្លោកនយោបាយតែប៉ុណ្ណោះទេ ជាបទពិសោធន៍ប្រវត្តិសាស្ត្រដែលមានតម្លៃខ្ពស់ និងត្រូវបានការពារដោយការខិតខំប្រឹងប្រែងយូរអង្វែង។
ការតាំងរូបកាំភ្លើងកួចកាណុង ដែលផលិតចេញពីអាវុធ នៅរង្វង់មូលមុខ ក្បែរស្ថានទូតបារាំង នារាជធានីភ្នំពេញ បានបង្ហាញយ៉ាងច្បាស់ពី ប្រទេសកម្ពុជា និងប្រជាជន គឺ សន្តិភាព វាសមស្របនឹងទស្សនវិស័យរបស់ប្រទេស ដែលមិនចង់ឃើញអំពើហិង្សាដោយអាវុធទៀតលើយ លើសពីនេះទៅទៀត បដាពាក្យ ស្លោក “អរគុណសន្តិភាព” ដែលត្រូវបានបង្ហាញទូទាំងប្រទេស គឺជាសញ្ញាបញ្ជាក់ថា កម្ពុជាប្រាថ្នាសន្តិភាព និងចង់ឲ្យសន្តិភាពក្លាយជាគន្លងជីវិតប្រចាំថ្ងៃជារៀងរហូត។
កម្ពុជាក៏បានឆ្លងកាត់ជម្លោះព្រំដែនជាមួយប្រទេសជិតខាងដូចជា ថៃ នាពេលកន្លងមក ទោះបីមានការប្រើប្រាស់អាវុធ និងការប្រយុទ្ធនៅព្រំដែន កម្ពុជាបានសម្រេចជ្រើសយកការចរចារ និងសន្ទនា ជាជម្រើសដ៏មានតម្លៃ ដោយសារតែប្រជាជនទាំងសងខាងជាអ្នកដែលរងផលវិបាកច្រើន ការប្រយុទ្ធដោយអាវុធមិនមែនជាដំណោះស្រាយដែលមានប្រយោជន៍ឡើយ ហេតុដូចនេះ ការជ្រើសយកសន្ទនា និងការចរចារជាដំណោះស្រាយ គឺបង្ហាញថា កម្ពុជា ជាប្រទេសស៊ីវិល័យ មិនប្រើសង្គ្រាមជាដំណោះស្រាយឡើយ។
ទស្សនវិជ្ជារបស់ សម្តេចតេជោ ហ៊ុន សែន បានពន្យល់យ៉ាងច្បាស់ថា៖ «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ សង្គ្រាមបញ្ចប់ដោយការចរចារ និងគ្មានភាគីណាចាញ់ គឺឈ្នះៗទាំងអស់គ្នា»។ ទស្សនវិជ្ជានេះសមស្របជាមួយបទពិសោធន៍ប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាសារសម្រាប់ប្រជាជនក្នុងការរក្សា និងលើកកម្ពស់សន្តិភាព។
ជាងពីរទសវត្សរ៍មុន កម្ពុជា បានឆ្លងកាត់សង្គ្រាម និងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ ការបញ្ចប់ជម្លោះ និងការរីកចម្រើនឡើងវិញ មិនអាចកើតមានបាន ប្រសិនបើគ្មានសន្តិភាព ហេតុនេះហើយ ការចូលរួមគាំទ្រផែនការណាមួយ ដែលមានគោលបំណងកាត់បន្ថយជម្លោះ និងលើកកម្ពស់ការសន្ទនា គឺស្របតាមបទពិសោធន៍ និងទស្សនវិស័យរបស់កម្ពុជា។
ផែនការសន្តិភាពរបស់លោកត្រាំ ទោះបីជាមានមតិយោបល់ខុសគ្នានៅលើឆាកអន្តរជាតិ ក៏ដោយ ការចូលរួមរបស់កម្ពុជា បានបង្ហាញពីការត្រៀមខ្លួនធ្វើជាដៃគូសហការដើម្បីស្ថិរភាព និងការអភិវឌ្ឍ។
ក្នុងនាមជាសមាជិកសកម្មមួយនៃ United Nations និងសហគមន៍អន្តរជាតិ កម្ពុជាតែងតែគាំទ្រដំណោះស្រាយតាមរយៈការចរចា ការគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ។
សន្តិភាពជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ។ កម្ពុជា បានឃើញដោយផ្ទាល់ថា ពេលដែលសង្គ្រាមបញ្ចប់ ប្រទេសអាចទាក់ទាញវិនិយោគ បង្កើតការងារ និងពង្រឹងវិស័យអប់រំ និងសុខាភិបាល។ ដូច្នេះ ការគាំទ្រផែនការសន្តិភាព គឺជាការពង្រឹងទស្សនៈថា សន្តិភាពគឺជាមូលដ្ឋានសម្រាប់អនាគតប្រសើរ។
ដូច្នេះ ការចូលរួមរបស់កម្ពុជា ជាមួយផែនការសន្តិភាពរបស់លោកត្រាំ មិនមែនត្រឹមតែជាការសហការនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ពីគោលការណ៍ជាតិថា «កម្ពុជា ស្រឡាញ់សន្តិភាព»។ រូបកាំភ្លើងកួចកាណុង និងបដាស្លោក “អរគុណសន្តិភាព” គឺជាភស្តុតាងច្បាស់ថា ប្រជាជនកម្ពុជាតែងតែស្វះស្វែងសន្តិភាព និងប្រាថ្នាឲ្យសន្តិភាពកាន់តែរឹងមាំក្នុងប្រទេស និងក្នុងពិភពលោក៕
សូមអរគុណ សន្តិភាព !
ប្រភព ៖ (យុវជន ៧មករា)










