ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ កំពុងរៀបចំកែលម្អសោភណ្ឌភាពឡើងវិញនៅកំណាត់ផ្លូវ និងចិញ្ចើមផ្លូវមួយចំនួននៅតំបន់ជុំវិញផ្សារដើមគរបន្ទាប់ពីចេញអាជីវដែលលក់លើចិញ្ចើមផ្លូវគ្មានសណ្ដាប់ធ្នាប់កន្លងមក ។ ក្រោមបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យអាជីវករដែលរំលោភលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវខាងលើ ទៅលក់ដូរបន្លែ ផ្លែឈើនៅផ្សារតាម៉ាប់ព្រែកជ្រៃនិងផ្សារដើមគរថ្មី ដោយដោះស្រាយតាមបែបវិធីឈ្នះឈ្នះ ក្នុងមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ ខ្មែរ ។កាេរៀបចំកែលម្អរសោភណ្ឌភាពឡើងវិញនេះ តាមគម្រោងអាចនិងរួចរាល់ទាំងស្រុង ក្នុងចន្លោះ១ខែទៅ២ខែទៀត។
នេះបើតាមលោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ២០២៦នេះ។
លោកស្រីបញ្ជាក់ថា៖ គិតមកដល់ពេលនេះ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ជុំវិញបរិវេណផ្សារដើមគរ ចាប់ពីថ្ងៃទី១៨ មករា កន្លងមកនេះ យើងធ្វើបានច្រើនដែរហើយ ដោយផ្ដោតទៅលើផ្លូវធំៗចំនួន៣ខ្សែធំៗនោះគឺ មហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុងនិងផ្លូវលេខ២៣០។យើងបានរៀបចំការ៉ូឡា នៅជុំវិញផ្សារដើមគរជិតរួចរាល់ហើយ។ បន្តមកយើងនឹងចាប់ផ្ដើមមួយចំហៀងផ្លូវទៀត។ការងាររៀបការរ៉ូឡានេះ យើងអាចបញ្ចប់ក្នុងចន្លោះពេល ខ្ទង់មួយខែទៀត។ នៅមហាវិថីមុនីរ៉េតការងារនេះយើងត្រូវធ្វើទាំងពីរខាងផ្លូវ ពោលគឺទាំងក្នុងខណ្ឌទួលគោកនិងនៅក្នុងខណ្ឌបឹងកេងកង។ដូចគ្នានេះដែរ ចំពោះ ផ្លូវ២ខ្សែទៀតដូចជាផ្លូវ២៣០និងមហាវិថីម៉ៅសេទុង យើងក៏អនុវត្តការងារនេះដូចគ្នាផងដែរ។ចំណែកការងារផ្សេងទៀតមានទាំងការងារដាក់ប្រព័ន្ធលូ ជួសជុលអណ្ដូងលូ ក៏យើងបាននិងកំពុងដំណើរការព្រមៗគ្នាផងដែរ។បន្ទាប់មកទៀតយើងអាចនឹងមានការអ៊ុតកៅស៊ូ អ៊ុតគូសគំនូសចរាចរណ៍នៅលើកំណាត់ផ្លូវ ទាំងនេះផងដែរ។
លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា៖ចំពោះគម្រោងខាងលើនេះអាចបញ្ចប់ទាំងអស់នៅក្នុងរង្វង់១ខែឬ២ ខែខាងមុខទៀត។ រដ្ឋបាលរាជធានីភ្នំពេញក្រោយបានផ្លូវមកវិញធ្វើការកែលម្អរសោភណ្ឌភាពដោយរៀបជាថ្មក្រានីលើចិញ្ចើមផ្លូវដើរថ្មើរជើងនិងរៀបចំប្រព័ន្ធលូឡើងវិញមហាវិថីព្រះមុនីរ៉េត ផ្លូវ២៣០ មហាថីម៉ៅសេទុងនិងផ្លូវមួយចំនួនទៀត។
សូមបញ្ជាក់ថា៖ តាមរយៈការដោះស្រាយតាមបែបឈ្នះ ឈ្នះ និងមនោសញ្ចេតនា ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ ខ្មែរ របស់ឯកឧត្ដមឃួង ស្រេង និងដោយមានការគាំទ្រនិងចូលរួមពីបងប្អូនអាជីវករ ដោយពួកគាត់បានសម្រេចចិត្តផ្លាស់ប្តូទីតាំងពីការលក់ដូរ លើទ្រូងនិងចិញ្ចើមផ្លូវក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ហើយបាននាំគ្នាទៅលក់ដូរនៅផ្សារ ដើមគរថ្មី នាខណ្ឌព្រែកព្នៅនិងផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ។ ដូច្នេះត្រូវរួមគ្នាដើម្បី ផ្ទះ ផ្លូវនិងទីក្រុងយេីងស្អាត ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិតជាខិតខំប្រឹងប្រែងណាស់សព្វថ្ងៃនេះ គឺធ្វើជាប់ជា ប្រចាំ ប៉ុន្តែក៏ទាមទារការចូលរួមសហការនិងយោគយល់ អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែរទេីបការប្រឹងប្រែងរបស់អាជ្ញាធរយើងទទួលបានជោគជ័យ៕. ដោយ. សំរិត










