ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានពាក្យបណ្តឹងពីជនរង គ្រោះតាមរយៈលេខអន្តរាគមន៍បន្ទាន់ 1292 ពីករណីលួចយ៉ាងសកម្មត្រង់ចំណុច ភូមិចំការរដ្ឋ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានប្រមូលភស្តុតាង និងឈានដល់កំណត់មុខសញ្ញា រហូតចាប់បានជនសង្ស័យម្នាក់ ភ្លាមៗតែម្តង។
ក្រោយពីបានការអនុញ្ញាត្តពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០៖៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោក វរសេនីយ៍ត្រី បេ ចំរើន សហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង សុខឆេង អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវល្លិ៍សរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
វត្ថុតាងរួមមាន៖ កាំបិតតាំងតោចំនួន១, ពូថៅចំនួន១ និងកន្ដ្រៃកាត់ខ្សែភ្លើងចំនួន១។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី៕










