រថយន្ត Lexus ជែងមិនប្រយ័ត្ន បុកជាមួយ Kia Morning បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់និង ៥ នាក់ទៀតរងរបួស

ចែករំលែក៖

ខេត្តកំពត៖ កាលពីវេលាម៉ោង ១៣:៤២ នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត រវាងរថយន្តពីរគ្រឿងដែលបើកបរក្នុងទិសដៅផ្ទុយគ្នា។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តម៉ាក LEXUS LX450 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2I-6204 បើកបរដោយឈ្មោះ លី ហុង ភេទ ប្រុស អាយុ ៦១ ឆ្នាំ។ រថយន្តបង្កបានធ្វើដំណើរពីទិស ខាងលិចទៅខាងកើត។ លុះមកដល់ចំណុចកើតហេតុ បានព្យាយាមបើកជែងរថយន្ត១គ្រឿងទៀត ក្នុងទិសដៅស្របគ្នា រួចក៏ជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្ត Kia Morning ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AX- 6608 ដែលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា (ពីកើតទៅលិច) យ៉ាងពេញទំហឹង។

គ្រោះថ្នាក់នេះបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសដូចខាងក្រោម៖ ជនរងគ្រោះដែលស្លាប់ ឈ្មោះ លី ហួង ភេទ ស្រី អាយុ ៥៧ ឆ្នាំ (ត្រូវជាប្អូនស្រីរបស់អ្នក បើកបររថយន្ត Lexus) ស្លាប់នៅកន្លែងកើតហេតុ។

ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ប្រាក់ គុណចរិយា ភេទស្រី អាយុ៣៤ឆ្នាំ (អ្នករួមដំណើរក្នុងរថយន្តKia Morning) ជនរងគ្រោះរបួសស្រាល៖ ៤ នាក់ (ប្រុស ១ នាក់ ស្រី ៣ នាក់ រួមទាំងក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់)។

រថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងខ្លាំង។ បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកដងទង់ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ សពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។

អ្នកបើកបរទាំងសងខាងសុទ្ធតែមានប័ណ្ណបើកបរត្រឹម ត្រូវ ប៉ុន្តែគ្រោះថ្នាក់នេះកើតឡើងដោយសារការបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print