ខេត្តសៀមរាប៖ មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី១៩ខែកុម្ភៈនេះថា កាលពីវេលាម៉ោង១៣ និង ០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ មានបទល្មើសជាក់ស្តែងជាករណីឃាតកម្ម ប្រព្រឹត្តនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបដោយ បុរសម្នាក់ខឹងប្រពន្ធយកអំបោសគប់ខ្លួនក៍បានវាយនាងមួយដៃឱ្យដួលបោលក្បាលទៅនឹងជ្រុងជញ្ជាំងផ្ទះយ៉ាងខ្លាំងបណ្ដាលឱ្យស្លាប់។
សមត្ថកិច្ចបានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានព័ត៌មានពីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងនគរបាលចុះទៅដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ុន វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ចាក់ធុងបាស់ ទីកន្លែងកំណើតភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទគង ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប(ប្រវត្តិទោស គ្មាន) ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងករណីឃាតកម្ម ប្រព្រឹត្តនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង១៣ និង០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ប្រភពដដែលបន្តថា តាមការស្តាប់ចម្លើយជនសង្ស័យឈ្មោះ យ៉ុន វុទ្ធី បានសារភាពថា រូបខ្លួននិងជនរងគ្រោះឈ្មោះ ជុំ សីសាន់អាយុ ២៣ឆ្នាំ បានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ ចាប់អំឡុងឆ្នាំ២០២៣រហូតមកដល់បច្ចុប្បន្ន។នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ខ្លួនបានសុំប្រពន្ធទៅដើរលេងកម្មវិធីឡើងមាឃ និងបុណ្យភូមិនៅភូមិជ្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្ត សៀមរាប ទើបធ្វើឱ្យប្រពន្ធខឹង ប៉ុន្តែរូបខ្លួនមិនបានឈ្លោះប្រកែកជាមួយនោះទេ ដោយរូបខ្លួន និងឈ្មោះ ស៊ន់ សិទ្ធ ហៅ ស៊ីង ភេទប្រុស អាយុ ២០ឆ្នាំ បានយកម៉ូតូទៅប៉ះកង់។
លុះដល់វេលាម៉ោងម១៣និង០០នាទី ថ្ងៃដដែល ទើបត្រឡប់មកវិញ ក៏មានទំនាស់ពាក្យសម្តី ហើយប្រពន្ធបានបោកចានបណ្តាលឱ្យបែកក្នុងបន្ទប់ដេក បន្ទាប់មកខ្លួននិងឈ្មោះ ស៊ន់ សិទ្ធ ហៅស៊ី បានបើកម៉ូតូចេញស្រាប់តែប្រពន្ធបានគប់អំបោសសំដៅខ្លួន។ ភ្លាមនោះខ្លួនក៏ចុះពីលើម៉ូតូ ហើយស្ទុះទៅវាយចំមាត់ប្រពន្ធ ចំនួន ១ដៃស្តាំ ហើយប្រពន្ធទាក់ជើងនឹងអង្រឹង បណ្តាលឱ្យដួលផ្ងាកក្រោយបោកក្បាលទៅនឹងជ្រុងជញ្ជាំងផ្ទះយ៉ាងខ្លាំង បណ្តាលឱ្យប្រទាញដៃជើង ប្រកាច់កន្ត្រាក់ៗ បន្តិចមកក៏សន្លប់បាត់បង់ស្មារតី ភ្លាមនោះរូបខ្លូន និងឈ្មោះ ស៊ន់ សិទ្ធ ហៅស៊ី បានលើជនរងគ្រោះដាក់លើគ្រែព្យាយាមជួយសង្គ្រោះ ដោយលាបប្រេងក្រឡា និងធ្វើចលនាបេះដូង តែជនរងគ្រោះមិនដឹងខ្លួន ។
បន្ទាប់មកខ្លួនលើកជនរងគ្រោះដាក់លើម៉ូតូដោយឈ្មោះ ស៊ន់ សិទ្ធ ហៅស៊ី ជាអ្នកបើក ចំណែកខ្លួនអ្នកអង្គុយទប់ពីក្រោយ ដឹកចេញទៅមន្ទីរពេទ្យនាគទេព ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ពេលទៅដល់គ្រូពេទ្យមិនទទួលទេ ខ្លួនក៏ដឹកជនរងគ្រោះបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពេលទៅដល់ក្រុមគ្រូពេទ្យបញ្ជាក់ថា ប្រពន្ធខ្លួនបានស្លាប់បាត់ទៅហើយ។
ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធធនាគារខេត្តសៀមរាប ដែលស្ថិតនៅក្នុងនីតិវិធីតុលាការហើយ៕











