ខេត្តកំពង់ស្ពឺ÷ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤ និង៣០នាទី បានទទួលពាក្យបណ្ដឹងពីឈ្មោះ កុយ ធាវី ភេទស្រីអាយុ២២ឆ្នាំ រស់នៅភូមិទួលស្ដៅ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ប្តឹងលើជន សង្ស័យជាប្តី ឈ្មោះ ធន ចាន់ហ័ង ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ថានៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង០៨និង៣០នាទី ឈ្មោះ ធន ចាន់ហ័ង បាននិយាយគំរាមថានឹងសម្លាប់។
ស្ត្រីជាភរិយាបាននិយាយថា បុរសជាប្ដីតែងតែគំរាម កំហែងដោយប្រើពាក្យប្រយ័ត្នងាប់បាត់វើយ,ប្រយ័ត្នខ្លួនផង ហើយរយះកាលកន្លងមក ឈ្មោះ ធន ចាន់ហ័ង (ត្រូវជាប្តី) តែងតែវាយ ទះកំផ្លៀងវៃត្រូវចំភ្នែក ទាត់ធាក់ ចាប់បោកផ្ទុបនិងជញ្ចាំងផ្ទះ,បោកផ្ទុបនិងទូដាក់ខោអាវ ហើយបានយកកាំបិត យកដាវមកដាក់នៅលើកញ្ចឹងក និយាយគំរាមសម្លាប់ ហើយក៏បានចាប់ច្របាច់ក បម្រុងឲ្យងាប់ និងតែងតែអុកឡុកនៅក្នុងផ្ទះ ក្នុងគ្រួសារ រក រឿងអុកឡុកបងប្អូន និងអ្នកដទៃ ។
តាមការបញ្ជាក់ពីជនរងគ្រោះ ឲ្យដឹងថា ប្តីរបស់ខ្លួនតែង តែប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងជាមនុស្សញៀនថ្នាំ ដោយរូបនាងខ្លាចទង្វើជាច្រើនលើក ទើបនាងសម្រេចចិត្តប្តឹងមកសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់ ។
ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅវេលាម៉ោង ១៦និង០០នាទីថ្ងៃទីខែឆ្នាំដដែល កម្លាំងសមត្ថកិច្ច បានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ហើយជន សង្ស័យបានឆ្លើយសារភាពថា ពិតជាបាននិយាយគំរាមកាប់សម្លាប់ទៅលើប្រពន្ធ និងធ្លាប់ប្រើហិង្សាវាយទៅប្រពន្ធជាច្រើនលើកមកហើយ ។
ក្នុងនោះសមត្ថកិច្ចបានវត្ថុតាងដកហូតដាវ១ដើម,កាំបិត ផ្គាក់០២ដើម និងកាំភ្លើងកែច្នៃ០១ដើម ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនិតិច្បាប់៕










