ភ្នំពេញ៖ ជនសង្ស័យ៣នាក់វាយប្លន់យកម៉ូតូពីយុវជន២នាក់បានសម្រេចកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដើមអំពិលសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ប៉ុន្តែបានប្រមាណជាង២ម៉ោង ត្រូវបងជនរងគ្រោះប្រទះឃើញកំពុងជិះ ក៏ដេញតាមស្រែកឆោឡោផ្អើលដល់កម្លាំងអាវុធហត្ថដេញតាមចាប់តាំងពីខណ្ឌច្បារអំពៅ រហូតម៉ូតូដែលជនសង្ស័យជិះ អស់សាំងនៅចំណុចមុខគណកម្មាធិការរៀបចំបុណ្យជាតិ តាមបណ្តោយផ្លូវលេខ២៤០ កែងនឹងផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយទុកម៉ូតូចោលរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋចាប់បាន២នាក់ វាយម្នាក់មួយដៃមួយជើងស្ទើរស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទី។
ជនរងគ្រោះទី១មានឈ្មោះ ជា ចាន់ណាន ភេទប្រុស អាយុ១៦ ទី២ឈ្មោះ វែនថារ៉ុង ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង២បច្ចុប្បន្នស្នាក់នៅភូមិដើមមានសង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំណែកម៉ូតូដែលជនសង្ស័យប្លន់ម៉ាកនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BL-2032 ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេរួមជាមួយមិត្តភក្តិម្នាក់ទៀតបាននាំគ្នាជិះម៉ូតូទៅទិញ បាយទៅឲ្យភ្ញៀវដែលបានកម្មង់ ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់កំពុងដើរតាមផ្លូវហើយបានវាយពួកគេប្លន់យកម៉ូតូទៅបាត់តែម្តង ។ បន្ទាប់មកពួកគេបានទៅប្រាប់ឪពុកម្តាយ ហើយក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ។
បើតាមសម្ដីបងប្រុសជនរងគ្រោះដែលបានដេញជនសង្ស័យមកពីក្រោយរហូតបានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថាប្អូនប្រុសរបស់ខ្លួនត្រូវក្រុមចោរវាយប្លន់ម៉ូតូ រូបគេ២នាក់បងថ្លៃដោយមិនអស់ចិត្តបាននាំគ្នាជិះម៉ូតូដើររកអស់រយៈពេលជាច្រើនម៉ោង ក៏បានប្រទះឃើញជនសង្ស័យ២នាក់កំពុងតែជិះម៉ូតូប្អូនរបស់ខ្លួន ក៏បាននាំគ្នាដេញតាមនិងស្រែកឆោឡោរផ្អើលកម្លាំងអាវុធហត្ថជួយដេញចាប់តាំងពីខណ្ឌច្បារអំពៅ រហូតដល់ចំណុចមុខគណកម្មាធិការរៀបចំបុណ្យជាតិ ម៉ូតូជនសង្ស័យដែលប្លន់បាននោះក៏អស់សាំង ពេលនោះពួកចោរបានទុកម៉ូតូចោលរត់គេចខ្លួន ហើយគេបានជិះម៉ូតូបំបុកតែខុសដួលម៉ូូតូរបួសខ្លួនឯង ។ ប៉ុន្តែពេលនោះខ្លួនស្រែកបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនាំគ្នាដេញចាប់បានជនសង្ស័យទាំង២នាក់ និងទប់កំហឹងមិនបានវាយម្នាក់មួយដៃមួយជើងស្ទើរស្លាប់ រួចទើបប្រគល់ឲ្យសមត្ថកិច្ច។
មួយសន្ទុះក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ដោយបានហៅរថយន្តសង្គ្រោះឲ្យមកដឹកជនសង្ស័យទាំង២នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ រង់ចាំកសាងសំណុំរឿងចាត់ការតាមច្បាប់នាពេលក្រោយ ៕
ដោយ៖ ព្រែកជ័យ