ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានលើកឡើងថា ជាមួយនឹងគោលដៅចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ កម្ពុជាត្រូវមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ អភិ បាលកិច្ចរឹងប៉ឹង និងប្រព័ន្ធនានារបស់ជាតិដែលខ្លាំងក្លា។
នេះជាការលើកឡើងរបស់ឯកឧត្តមនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយ កំណត់អាទិភាពពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា លើសពីមូលដ្ឋានផលិតកម្មតម្លៃទាប និងការពង្រឹងសមត្ថភាពស្ថាប័ន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ហែម វណ្ណឌី បានលើកឡើងថា៖វាជាបេសកកម្មដែលតម្រូវឱ្យកម្ពុជាមិនមែនត្រឹមតែផលិតបានទំនិញច្រើនប៉ុណ្ណោះទេ ប៉ុន្តែជាទំនិញប្រកបដោយតម្លៃបន្ថែម មានកម្លាំងពលកម្មដែលប្រកប ដោយជំនាញ គុណភាពដែលមានការបញ្ជាក់ត្រឹមត្រូវ សេវាកម្មដែលជឿជាក់បាន អនុលោមភាពដែលអន្តរជាតិទទួលស្គាល់ និងនវានុវត្តន៍ដែលដោះស្រាយបញ្ហាប្រឈមជាក់ស្តែង។
លោកបានសម្គាល់ឃើញថា វិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខ ក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យនេះជាឧបករណ៍យុទ្ធសាស្ត្រមួយ ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងជាកំលាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម រួចចំណែកសម្រេចចក្ខុវិស័យឆ្នាំ២០៥០។
លោក ហែម វណ្ណឌី បានបន្ថែមថា៖ យើងទាំងអស់គ្នាកំពុងស្ថិតក្នុងសម័យកាលដែលប្រៀបប្រកួតប្រជែងខាងសេដ្ឋកិច្ច លែងត្រូវបានកំណត់ដោយកត្តាថ្លៃដើមទាបតែមួយមុខហើយ ប៉ុន្តែគុណភាព ស្តង់ដារ អនុលោមភាព ផលិតភាព នវានុវត្តន៍ សុវត្ថិភាព និរន្តរភាព និងសមត្ថភាពឈានទៅចាប់យកតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃទើបជាកត្តាកំណត់។
សូមបញ្ជាក់ថា សន្និបាតរយៈពេល១ថ្ងៃកន្លះនេះនឹងផ្តល់ជាវេទិកាឆ្លុះកញ្ចក់និងផ្តោតការពិភាក្សាជាសំខាន់ដោយ “មើលពីក្នុង សំឡឹងទៅក្រៅ” និងធ្វើការផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ រួមគ្នាវាយតម្លៃចំណុចខ្លាំងនិងខ្សោយ និងដាក់ទិសដៅសម្រាប់អនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួននៅឆ្នាំ២០២៦ ឱ្យ សម្រេចបានជោគជ័យ។
កិច្ចពិភាក្សានៃអង្គសន្និបាតផ្តោតលើការដោះស្រាយរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT), ការពង្រឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការគាំទ្រដល់ការធ្វើឧស្សាហូបនីយកម្ម, ការអភិវឌ្ឍអាជីវកម្ម និងផលិតភាព, ការជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ព្រមទាំងការពង្រឹងសមត្ថភាពស្ថាប័ន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ៕











