កូនប្រុសញៀនថ្នាំធ្លាប់ចូលគុក៣លើក ទាញកាំបិតដេញកាប់និងគប់ដុំថ្មទៅលើឪពុក ត្រូវប៉ូលិសស្រុកកណ្តាលស្ទឹងចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷ នគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈនេះថា ជនសង្ស័យជាកូនប្រុសបង្កើតម្នាក់ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ៣លើកនិងមានសារធាតុញៀនក្នុងខ្លួនផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹងឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពគំរាមកំហែងអាយុជីវិតទាញកាំបិតដេញកាប់និងគប់ដុំថ្មទៅលើឪពុកបង្កើតរបស់ខ្លួនឯងបណ្តាលឲ្យរងរបួសហូរឈាម។

ហេតុការណ៍ហិង្សាក្នុងគ្រួសារនេះបានកើតឡើងកាលពីថ្ងៃទី២១ កុម្ភៈ ២០២៦ វេលាម៉ោង ២០ និង០០នាទីយប់ នៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះជាឪពុកបង្កើតមានឈ្មោះ សរ សាយ អាយុ ៥៩ឆ្នាំ មុខរបរកសិករ។ ចំណែកឯជនសង្ស័យជាកូនបង្កើតមានឈ្មោះ សេង សាល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោមនិងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន៣លើក (លើកទី១ ជាប់៨ខែពីបទហិង្សាដោយចេតនា, លើកទី២ ជាប់៦ខែ ពីបទប្រើប្រាស់គ្រឿងញៀន និងលើកទី៣ជាប់១ឆ្នាំ ពីបទធ្វើឲ្យខូចខាតដោយចេតនា) ដោយអ្នកទាំងពីររស់នៅភូមិឃុំកើតហេតុជាមួយគ្នា។ សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដែលដកហូតបាននៅកន្លែងកើតហេតុរួមមានកាំបិតផ្លែដែកដងដែកប្រវែង ៤៥សង់ទីម៉ែត្រចំនួន១ដើម។

ប្រភពដដែលបានបន្តរៀបរាប់ពីដំណើររឿងថា កាលពីវេលាម៉ោង ៦ និង០០នាទីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅធ្វើការជាកម្មករសំណង់នៅខេត្តកំពង់ស្ពឺ ហើយបានផឹកស្រាបៀរជាមួយក្រុមការងារ ក្រោយពេលសម្រាក។ លុះដល់ម៉ោង ១៩និង៤០នាទីយប់ ទើបជនរងគ្រោះជិះម៉ូតូត្រឡប់មកដល់ផ្ទះវិញ ហើយប្រពន្ធក៏បានដួសបាយឲ្យហូប។ ខណៈជនរងគ្រោះកំពុងហូបបាយមិនទាន់អស់មួយចានផង ស្រាប់តែនៅវេលាម៉ោង ២០និង០០នាទី ជនសង្ស័យបានស្រែកគំរាមថា «អាណាខ្លាំងកាប់ទាល់តែងាប់ ព្រោះអញមានកាំបិត»។
ឮដូច្នេះ ជនរងគ្រោះក៏ដើរចេញពីបន្ទប់ ឃើញជនសង្ស័យមានកាន់កាំបិត ទើបស្រែកដេញកូនឲ្យចេញពីផ្ទះដោយសារតែខូចពេក។ ពេលនោះ ជនសង្ស័យមិនព្រមចេញទេ ថែមទាំងគំរាមកាប់ឪពុកឲ្យស្លាប់ រួចក៏ទាញកាំបិតកាប់ទៅលើជនរងគ្រោះ តែជនរងគ្រោះគេចផុតបណ្ដាលឲ្យប្រតាយប្រតប់គ្នា ហើយត្រូវចុងកាំបិតឆូតចំចុងច្រមុះខាងស្តាំជិតក្ដោងច្រមុះបណ្តាលឲ្យហូរឈាម។ មិនបញ្ឈប់ត្រឹមនេះ ជនសង្ស័យថែមទាំងទាញដុំថ្មនៅក្បែរផ្ទះគប់ទៅលើជនរងគ្រោះនិងកូនប្រសាពេញផ្ទះថែមទៀត។ ភ្លាមៗនោះ ជនរងគ្រោះបានរត់ចូលទៅក្នុងតូបលក់ដូរ ចាក់សោទ្វារពីខាងក្នុង ហើយរាយការណ៍ប្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែករកាឲ្យចុះមកជួយអន្តរាគមន៍។

...

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍បានចុះទៅដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print