ជនសង្ស័យញៀនថ្នាំផឹកស្រវឹង ទាញដំបងឫស្សីដើរវាយបំបែកអំពូលភ្លើងសាធារណៈអស់ ៩អំពូល ត្រូវប៉ូលិសស្រុកកោះធំចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷ ជនសង្ស័យញៀនថ្នាំ និងជាមុខសញ្ញាធ្លាប់ឡូឡាជេរប្រមាថអ្នកភូមិម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំចុះឃាត់ខ្លួន បន្ទាប់ពីផឹកស្រវឹងហើយទាញដំបងឫស្សីដើរវាយបំបែកអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈអស់ចំនួន ០៩អំពូល។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ កុម្ភៈ ២០២៦ វេលាម៉ោង ១៥និង៥០នាទី នៅតាមផ្លូវបេតុងជាប់មាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិចុងកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ អន ប៊ុនធឿន ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងមានតេស្តទឹកនោមវិជ្ជមានសារធាតុញៀន។ ចំណែកឯតំណាងជនរងគ្រោះមានចំនួន៣នាក់ រួមមានទី១ឈ្មោះ លឹម ប៉ែង ភេទប្រុស អាយុ៦១ឆ្នាំ ជាមេភូមិចុងកោះថ្មី ទី២ឈ្មោះ ទួន សំបូរ ភេទស្រី អាយុ៦៨ឆ្នាំ ជាអនុភូមិ និងទី៣ឈ្មោះ ឡូញ ស្លឹក ភេទប្រុស អាយុ៧៥ឆ្នាំ ជាសមាជិកភូមិ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ដំបងឫស្សីចំនួន ០១កំណាត់ ប្រវែង ១.៣០ម៉ែត្រ ចំណែកសម្ភារៈខូច ខាតគឺបែកអំពូលភ្លើងចំនួន ០៩អំពូល។

ប្រភពដដែលបានបន្តថា កន្លងមកជនសង្ស័យរូបនេះតែងតែធ្វើសកម្មភាពស្រែកជេរឡូឡា ប្រមាថអ្នកភូមិ និងដើរវាយបំផ្លាញអំពូលភ្លើងសាធារណៈនៅតាមផ្លូវបេតុងជាញឹកញាប់ រួចរត់គេចខ្លួនបាត់ ដែលកន្លងមកមេភូមិ និងពលរដ្ឋធ្លាប់បានរាយការណ៍សុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ឲ្យជួយអប់រំផងដែរ។ លុះមកដល់ថ្ងៃទី ២២ កុម្ភៈ ២០២៦ វេលាម៉ោង ១៥និង៥០នាទី ជន សង្ស័យបានផឹកស្រាបៀរអស់ចំនួន ០២កំប៉ុងនៅផ្ទះ ពេលស្រវឹងក៏បានដើរចេញមកលើផ្លូវបេតុងជាប់មាត់ទន្លេបាសាក់ ដោយកាន់ដំបងឫស្សីចំនួន ០១កំណាត់ ដើរវាយអំពូលភ្លើងតាមផ្លូវបណ្ដាលឲ្យបែកខូចខាតអស់ចំនួន ០៩អំពូល។

ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់មេភូមិ ហើយលោកមេភូមិក៏បានប្តឹងបន្តមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ(ក) ដើម្បីចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយបំផ្លាញអំពូលភ្លើងតាមដងផ្លូវសាធារណៈបណ្ដាលឲ្យបែកបាក់អស់ ០៩អំពូល ពិតប្រាកដមែន។

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print