ព្យុះព្រិលវាយប្រហារសហរដ្ឋអាមេរិក ទីក្រុងជាច្រើនចេញបម្រាមធ្វើដំណើរ

ចែករំលែក៖

ព្យុះព្រិលដ៏ធំមួយកំពុងលេបត្របាក់ភាគឦសានសហរដ្ឋអាមេរិក ដែលប៉ះពាល់ដល់មនុស្សប្រហែល ៤១ លាននាក់ចាប់ពីរដ្ឋ Maryland ដល់រដ្ឋ Maine ខណៈដែលស្ថានភាពអាកាសធាតុដ៏គ្រោះថ្នាក់បំផុតត្រូវបានព្រមានថាមិនទាន់ឈានដល់កម្រិតកំពូលនៅឡើយទេ។

យោងតាមអាជ្ញាធរ ព្យុះព្រិលដ៏ធ្ងន់ធ្ងរនេះបានធ្វើឱ្យមនុស្សជាង ៥៥០,០០០ នាក់នៅឆ្នេរសមុទ្រភាគខាងកើតគ្មានអគ្គិសនីប្រើប្រាស់ដោយសារតែព្រិលធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងខ្សែភ្លើងខូចខាត។ ក្រុមហ៊ុនថាមពលកំពុងធ្វើការជាបន្ទាន់ដើម្បីស្តារការផ្គត់ផ្គង់ឡើងវិញ ប៉ុន្តែព្រមានថាការដាច់ចរន្តអគ្គិសនីអាចកាន់តែអាក្រក់ទៅៗ នៅពេលដែលព្យុះនៅតែបន្តរំកិលទៅមុខ។
នៅទីក្រុងញូវយ៉ក កម្រិតព្រិលធ្លាក់ត្រូវបានកត់ត្រាទុកក្នុងចន្លោះពី ២៣-២៨ សង់ទីម៉ែត្រ។ មន្ត្រីក្រុងបាននិយាយថា ការហាមឃាត់ការធ្វើដំណើរនៅតែមានប្រសិទ្ធភាពរហូតដល់ថ្ងៃត្រង់ ហើយបានព្រមានថា នេះអាចជាព្យុះព្រិលដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងចំណោម ១០ នៅក្នុងទីក្រុងក្នុងរយៈពេល១៥០ ឆ្នាំកន្លងមក។ យោងតាមក្រសួងសន្តិសុខមាតុភូមិ តំបន់មួយចំនួននៅភាគឦសានអាចឃើញព្រិលធ្លាក់រហូតដល់ ៦០ សង់ទីម៉ែត្រ និងខ្យល់បក់បោកក្នុងល្បឿនរហូតដល់ ២២ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបង្កើនហានិភ័យនៃការដួលរលំដើមឈើ និងការដាច់ចរន្តអគ្គិសនី។ រដ្ឋ New Jersey, Pennsylvania និង Connecticut បានប្រកាសពីភាពអាសន្ន ដោយដាក់បម្រាមលើយានយន្តពាណិជ្ជកម្មនៅលើផ្លូវហាយវេមួយចំនួន និងរឹតត្បិតការធ្វើដំណើរដើម្បីធានាសុវត្ថិភាព។ ព្យុះព្រិលក៏បានបង្ខំឱ្យសាលារៀនជាច្រើនបិទទ្វារដោយសារតែស្ថានភាពអាកាសធាតុដ៏គ្រោះថ្នាក់។ អាជ្ញាធរមូលដ្ឋានបានណែនាំប្រជាពលរដ្ឋឱ្យកំណត់ការចេញទៅខាងក្រៅលុះត្រាតែចាំបាច់បំផុត។

ទន្ទឹមនឹងនេះ យោងតាមសេចក្តីប្រកាសពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) និងអាជ្ញាធរកំពង់ផែនៃទីក្រុងញូវយ៉ក និងរដ្ឋ New Jersey ជើងហោះហើរសរុបជាង 5,300 ត្រូវបានលុបចោលដោយសារតែព្យុះព្រិលដ៏ធ្ងន់ធ្ងរ។ ទីភ្នាក់ងារអាកាសធាតុព្យាករណ៍ថានឹងបន្តមានព្រិលធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងរយៈពេលជាច្រើនម៉ោង ដែលអាចបណ្តាលឱ្យមានភាពមើលឃើញស្ទើរតែសូន្យនៅក្នុងតំបន់មួយចំនួន។ អាជ្ញាធរកំពុងជំរុញឱ្យប្រជាពលរដ្ឋស្តុកទុកសម្ភារៈចាំបាច់ សាកថ្មឧបករណ៍ទំនាក់ទំនងរបស់ពួកគេឱ្យពេញ និងតាមដានការព្រមានអាកាសធាតុជាផ្លូវការយ៉ាងដិតដល់៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print