ភ្នំពេញ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានណែនាំដល់អាជ្ញាធរឃុំទាំងអស់ឱ្យបន្តយកចិត្តទុកដាក់និងជំរុញការដាំដុះរបស់ប្រជាពលរដ្ឋឱ្យស្របទៅនឹងការផ្តល់សេវាសាធារ ណៈ និងការគាំទ្របច្ចេកទេសនៅមូលដ្ឋាន ដើម្បីធានាបានទាំងទិន្នផលការលក់ចេញនិងជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
លោកអភិបាលស្រុកបានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការី អញ្ជើញ ចុះពិនិត្យមើលដំណើរការដាំដុះដំណាំនិងការប្រមូលផល របស់ប្រជាកសិករ នៅក្នុងសហគមន៍កសិកម្ម សណ្ដាន់សាមគ្គីស្ថិតក្នុងឃុំចំណាក្រោមស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងការចុះពិនិត្យជាក់ស្តែងលោក សាយ គឹមឡម បានសាកសួរសុខទុក្ខនិងស្តាប់ការរាយការណ៍ពីស្ថានភាពការងារដាំដុះ ការប្រមូលផលបញ្ហាប្រឈមក្នុងការផលិត ក៏ដូចជាតម្លៃទីផ្សារនិងតម្រូវការជាក់ស្តែងរបស់សហគមន៍។
លោកបានបញ្ជាក់ថា ការងារកសិកម្មគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចគ្រួសារ ហើយអាជ្ញាធរមូលដ្ឋានត្រូវតែចូលរួមគាំទ្រនិងសម្របសម្រួលឱ្យបានជាប់លាប់ មិនមែនត្រឹមតែជំរុញឱ្យដាំប៉ុណ្ណោះទេ តែត្រូវភ្ជាប់ជាមួយសេវាសាធារណៈ ដូចជា ព័ត៌មានបច្ចេកទេស ការតភ្ជាប់ទីផ្សារ ការគាំទ្រធនធានទឹក ការដឹកជញ្ជូន និងការជួយដោះស្រាយបញ្ហាប្រឈមពេលមានហានិភ័យ។
លោក ក៏បានណែនាំឱ្យអាជ្ញាធរឃុំនិងក្រុមការងារពាក់ព័ន្ធបន្តចុះតាមដានជាប្រចាំ ជំរុញការរៀបចំដាំដុះឱ្យបានត្រឹមត្រូវ ស្របតាមរដូវកាលនិងតម្រូវការទីផ្សារព្រមទាំងធ្វើការសម្របសម្រួលជាមួយជំនាញកសិកម្មនៅថ្នាក់ខេត្ត/ស្រុក ប្រសិនបើមានបញ្ហា បច្ចេកទេស ឬបញ្ហាសត្វល្អិត និងជំងឺដំណាំកើតឡើងដើម្បីឱ្យមានការអន្តរាគមន៍ទាន់ពេលវេលា។
ប្រជាកសិករ និងសមាជិកសហគមន៍កសិកម្មសណ្ដាន់សាមគ្គីបានសម្តែងការរីករាយនិងថ្លែងអំណរគុណចំពោះលោកអភិបាលស្រុកនិងក្រុមការងារ ដែលបានអញ្ជើញចុះមកពិនិត្យផ្ទាល់ សួរសុខទុក្ខនិងផ្តល់ការណែនាំជាក់ស្តែងដើម្បីជួយលើកទឹកចិត្តនិងជំរុញការងារកសិកម្មឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ សំរិត









