មហាសេដ្ឋីឥណ្ឌូនេស៊ីដើមកំណើតសិង្ហបុរី Low Tuck Kwong ដែលតែងតែត្រូវហៅថា “ស្តេចធ្យូងថ្ម” បានទិញគំនូរមួយពីអតីតប្រធានាធិបតីឥណ្ឌូនេស៊ី Susilo Bambang Yudhoyono ក្នុងតម្លៃ ប្រហែល 386,330 ដុល្លារអាមេរិក។
លោក Low អាយុ 77 ឆ្នាំ បានឈ្នះការដេញថ្លៃកាលពីថ្ងៃពុធសប្ដាហ៍មុន បន្ទាប់ពីដេញលើសមហាសេដ្ឋី Hermanto Tanoko និង Deddy Corbuzier ។
សារព័ត៌មាន Mothership បានរាយការណ៍ថា ប្រាក់ចំណូលពីការលក់នេះ នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រសហគមន៍ក្រីក្រ និងជនរងគ្រោះដោយគ្រោះធម្មជាតិ។
គំនូរនេះមានចំណងជើងថា “Kuda Api” មានន័យថា “សេះភ្លើង” មានទំហំ 130 សង់ទីម៉ែត្រ គុណ 80 សង់ទីម៉ែត្រ ហើយត្រូវបានគូរនៅដើមឆ្នាំនេះដោយ លោក Susilo ដែលបានបម្រើការជាប្រធានាធិបតីឥណ្ឌូនេស៊ីចាប់ពីឆ្នាំ 2004 ដល់ 2014។ លោកបានចាប់អារម្មណ៍គូរគំនូរជាអ្នកស្ម័គ្រចិត្តតាំងពីរៀនមធ្យមសិក្សា។
លោក Susilo បានបង្ហាញក្តីសង្ឃឹមថា ស្នាដៃនេះនឹងតំណាងឲ្យភាពរឹងមាំ និងការប្តេជ្ញាចិត្ត។ លោកបាននិយាយ ដូចដែលដកស្រង់ដោយ Channel News Asia ថា៖«ខ្ញុំគូរគំនូរនេះជាមួយនឹងការអធិស្ឋាន — អធិស្ឋានសម្រាប់ប្រជាជាតិឥណ្ឌូនេស៊ី ដើម្បីឲ្យមានស្មារតីសេះភ្លើង កើតមានកម្លាំង ការប្តេជ្ញាចិត្ត ភាពរឹងមាំ និងសាមគ្គីភាព ដើម្បីអភិវឌ្ឍប្រទេសយើង»។
មហាសេដ្ឋី Low ដែលមានឈ្មោះហៅក្រៅថា “ស្តេចធ្យូងថ្ម” បានសាងទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈក្រុមហ៊ុន Bayan Resources ដែលជាក្រុមហ៊ុនជីកយកធ្យូងថ្ម និងប្រតិបត្តិការកំពង់ផែ ដែលលោកបានបង្កើតនៅឆ្នាំ 2004។
កើតនៅសិង្ហបុរី លោកបានផ្លាស់ទៅរស់នៅឥណ្ឌូនេស៊ីក្នុងឆ្នាំ 1972 នៅអាយុ 24 ឆ្នាំ ដោយដំបូងបង្កើតក្រុមហ៊ុនសំណង់ មុនពង្រីកចូលវិស័យធ្យូងថ្ម។
លោកទទួលបានសញ្ជាតិឥណ្ឌូនេស៊ីនៅឆ្នាំ 1992 និងបានទិញសិទ្ធិអាជីវកម្មធ្យូងថ្មដំបូងនៅ Kalimantan បន្ទាប់ពីនោះ 5 ឆ្នាំ។
ទស្សនាវដ្តី Forbes បានដាក់ឈ្មោះលោកជាបុគ្គលមានទ្រព្យសម្បត្តិច្រើនទី 4 នៅឥណ្ឌូនេស៊ី កាលពីខែធ្នូឆ្នាំមុន ដោយប៉ាន់ប្រមាណទ្រព្យសម្បត្តិសរុប 24.9 ពាន់លានដុល្លារ។ លោកក៏ស្ថិតក្នុងបញ្ជីមហាសេដ្ឋីមានទ្រព្យសម្បត្តិខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ តាមតារាង Bloomberg Billionaires Index ផងដែរ។
បើទោះបីលោកបានបោះបង់សញ្ជាតិសិង្ហបុរីក៏ដោយ Low នៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសនោះ ហើយបានបរិច្ចាគប្រាក់យ៉ាងច្រើនសម្រាប់វិស័យអប់រំ និងសុខាភិបាលនៅទីនោះ៕










