ពាណិជ្ជករបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីអាចជួបការលំបាកក្នុងការបំពេញតាមពាក្យសន្យាបង្កើនការនាំចូលកសិផលពីសហរដ្ឋអាមេរិកយ៉ាងខ្លាំង តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ខណៈបន្ទុកនៃការបង្កើនការទិញម្សៅសណ្តែកសៀង (soymeal) ពីអាមេរិកយ៉ាងច្រើន នឹងធ្លាក់ទៅលើអង្គភាពរដ្ឋមួយដែលទើបត្រូវបានផ្តល់ភារកិច្ចទិញអាហារសត្វ។
សប្តាហ៍មុន ឥណ្ឌូនេស៊ីបានបញ្ចប់កិច្ចព្រមព្រៀងមួយ ដែលកាត់បន្ថយពន្ធនាំចូលរបស់អាមេរិកលើទំនិញឥណ្ឌូនេស៊ី ពី 32% មកត្រឹម 19% ដោយទំនិញសំខាន់ៗដូចជា ប្រេងដូង កាកាវ និងកៅស៊ូ ត្រូវបានលើកលែងពន្ធ។
ជំនួសវិញ ឥណ្ឌូនេស៊ីបានសន្យាបង្កើនការនាំចូលស្រូវសាលីពីអាមេរិក ដល់ 2 លានតោនក្នុងមួយឆ្នាំ ពី 1.1 លានតោនកាលពីឆ្នាំមុន បង្កើនការទិញសណ្តែកសៀងដល់ 3.5 លានតោន ពី 2.2 លានតោន និងបង្កើនការនាំចូលម្សៅសណ្តែកសៀងដល់ 3.8 លានតោន ពី 216,257 តោន ជាមួយនឹងការប្តេជ្ញាផ្សេងៗទៀត។
ពាណិជ្ជករម្នាក់នៅក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ ដែលផ្គត់ផ្គង់ស្រូវសាលី និងគ្រាប់ធញ្ញជាតិអាហារសត្វទៅឥណ្ឌូនេស៊ី បាននិយាយថា អ្នកកិនស្រូវក្នុងប្រទេសកំពុងទិញស្រូវសាលីពីអាមេរិកកាន់តែច្រើន ហើយការទិញស្រូវសាលីពីអាមេរិកបានកើនដល់ 1.1 លានតោនក្នុងឆ្នាំ 2025 ពី 750,000 តោនកាលពីឆ្នាំមុន។ ទោះយ៉ាងណា គេរំពឹងថា ឆ្នាំ 2026 អាចទិញបានប្រហែល 1.25 ទៅ 1.3 លានតោនប៉ុណ្ណោះ។
សហរដ្ឋអាមេរិក ជាអ្នកផ្គត់ផ្គង់កសិផលសំខាន់ កំពុងស្វែងរកទីផ្សារថ្មីក្រៅពីប្រទេសចិន ដែលកំពុងកាត់បន្ថយការទិញ ដោយសារភាពតានតឹងពាណិជ្ជកម្ម។
សម្រាប់សណ្តែកសៀង ឥណ្ឌូនេស៊ីទិញភាគច្រើនពីអាមេរិករួចហើយ ប៉ុន្តែសន្យាថ្មីនេះលើសពីបរិមាណនាំចូលសរុបប្រចាំឆ្នាំរបស់ប្រទេស។
ឥណ្ឌូនេស៊ីប្រើប្រាស់សណ្តែកសៀងប្រហែល 2.7 ដល់ 2.9 លានតោនក្នុងមួយឆ្នាំ តាមសមាគមនាំចូលសណ្តែកសៀង Akindo ដែលភាគច្រើនសុទ្ធតែជាការនាំចូល។
ប្រធានសមាគម Akindo លោក Hidayatullah Suralaga បាននិយាយថា ការប្តេជ្ញាទិញ 3.5 លានតោនក្នុងមួយឆ្នាំ ត្រូវវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន ដើម្បីកុំឲ្យលើសតម្រូវការក្នុងស្រុក និងប៉ះពាល់តុល្យភាពផ្គត់ផ្គង់។
សម្រាប់ម្សៅសណ្តែកសៀង ឥណ្ឌូនេស៊ីបាននាំចូលពីអាមេរិក 216,257 តោនក្នុងឆ្នាំ 2025 កើនប្រហែល 50% ពីឆ្នាំមុន ប៉ុន្តែតិចជាងចំនួន 3.8 លានតោន ដែលបានសន្យាទិញយ៉ាងខ្លាំង។
ពាណិជ្ជករគ្រាប់ធញ្ញជាតិម្នាក់នៅសិង្ហបុរីបាននិយាយថា ដោយសារសន្យាទិញមានបរិមាណខ្ពស់ ឥណ្ឌូនេស៊ីអាចបញ្ជាឲ្យក្រុមហ៊ុនរដ្ឋ Berdikari ទិញបរិមាណច្រើន ដើម្បីបំពេញចិត្តអាមេរិក ទោះបីតម្លៃខ្ពស់ជាងអ្នកផ្គត់ផ្គង់ផ្សេងក៏ដោយ។
ចុងឆ្នាំមុន រដ្ឋាភិបាលបានផ្តល់ភារកិច្ចឲ្យ Berdikari ទិញគ្រាប់ធញ្ញជាតិអាហារសត្វទាំងអស់ចាប់ពីឆ្នាំ 2026 ជំនួសអ្នកនាំចូលឯកជន។
តាមក្រសួងកសិកម្ម ឥណ្ឌូនេស៊ីបាននាំចូលម្សៅសណ្តែកសៀងសរុប 5.96 លានតោនក្នុងឆ្នាំ 2025។
ក្រោមកិច្ចព្រមព្រៀងជាមួយអាមេរិក ឥណ្ឌូនេស៊ីក៏បានយល់ព្រមទិញពោត 100,000 តោន និងកប្បាស 163,000 តោន ពីអាមេរិក បន្ថែមលើសាច់គោ និងផ្លែឈើផងដែរ៕










