ខេត្តស្វាយរៀង ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បើកប្រតិបត្តិការបង្ក្រាបករណីជួញដូររក្សាទុកគ្រឿងញៀនខុសច្បាប់ និងឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ២នាក់៖ ទី១-ឈ្មោះ ឡេ វាំងហ៊ីវ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកហុងងឺ ខេត្តដុងថាប់។ ធ្វើតេស្តទឹកម៉ូត្រស្វែងរកសារធាតុញៀនវិជ្ជមាន (+) ជាប្រភេទកេតាមីន និងទី២-ឈ្មោះ ឡេ វឹកវឹង ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតខេត្តតៃនិញ។ ធ្វើតេស្តទឹកម៉ូត្រស្វែងរកសារធាតុញៀនវិជ្ជមាន (+)ជាប្រភេទកេតាមីន។
វត្ថុតាងដកហូតរួមមាន៖ ថ្នាំញៀនកញ្ចប់ចម្រុះចំនួន ២៤ដុំ ស្មើនឹង ២៤គីឡូក្រាម, ម្ស៉ៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀន១ កញ្ចប់, ម្សៅម៉ត់ពណ៍សសង្ស័យជាថ្នាំញៀន ២កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌ ខៀវ ១កញ្ចប់, ថ្នាំញៀនកញ្ចប់ពណ៌មាស(រូបប៉ាវ៉ាន់ណូ) ចំនួន ៦២កញ្ចប់, ទូរសព្ទដៃ ៣គ្រឿង, ម៉ូតូ ៤គ្រឿង។
ក្រោយពីសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ សង្ស័យទាំង ២នាក់ ត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្តរួចផងដែរ។
សូមជម្រាបថា ប្រតិបត្តិការខាងនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៦៖៣០នាទី នៅចំណុច បន្ទប់លេខ៣៥១ សណ្ឋាគារណារីស្វីត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕
ដោយ៖ ជ្រោយពេជ្រ










