ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបន្តថាៈ នៅ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ ផៃ ស៊ីឯក (ម៉ៅ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត បាននាំជនសង្ស័យឈ្មោះ សុភ័ក្ក ផៃ (សៃ) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយបានដាក់ពាក្យបណ្ដឹងប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យដែលខ្ចីម៉ូតូរបស់ខ្លួនហើយយកទៅលក់ កាលពីវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខផ្សារទំនើបប៊ិកស៊ី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានជនសង្ស័យ និងពាក្យបណ្ដឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការសួរនាំ ហេីយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ ហើយយកទៅលក់ពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ វណ្ណា









