ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ។ ក៏ប៉ុន្តែ កម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ។ ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ពីសហរដ្ឋអាម៉េរិក អំពីសកម្មភាពមិនស្មោះត្រង់របស់យោធា ថៃ ជាពិសេសការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ជាច្រើនកន្លែង ហួសពី ខ្សែបន្ទាត់ព្រំដែន ដែលថៃខ្លួនឯងធ្លាប់ទទួលស្គាល់ជាយូរមកហើយថាជាអធិបតេយ្យភាពរបស់កម្ពុជា។
ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ សូមជូនបច្ចុប្បន្នភាពសភាពការណ៍ជារួម គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៥ ដល់ ម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដូចខាងក្រោម៖
១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក១.១៤៩នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត៦សែននាក់ ឬជាង៩២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៥០.៤៥៨នាក់ទៀត (ស្ត្រី២៦.៣៨១នាក់ និងកុមារ ១៦.៥០៣នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
២-ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព៥ នៅបន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តផ្អាក។
៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រពេញទំហឹងលើការតវ៉ាយ៉ាងដាច់អហង្ការរបស់រាជរដ្ឋាភិបាល ចំពោះសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ភាគីថៃ ពិសេសការចល័តនាវាកងទ័ពជើងទឹកថៃ ចូលក្នុងដែន សមុទ្រកម្ពុជា ដោយចាប់ខ្លួនពលរដ្ឋខ្មែរ៣នាក់ ព្រមទាំងរឹបអូសនាវានេសាទរបស់ពួកគេថែមទៀត។ យើងទាមទារឱ្យ ប្រទេសថៃដោះលែងពលរដ្ឋខ្មែរ និងនាវានេសាទពួកគេជាបន្ទាន់ ព្រមទាំងបញ្ឈប់សកម្មភាពល្បាតខុសច្បាប់ដោយ គ្មានការអនុញ្ញាត និងបញ្ឈប់ការប្រើច្បាប់ថៃអនុវត្តលើដែនអធិបតេយ្យកម្ពុជាតទៅទៀត។
ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា មានអំណរសាទរយ៉ាងក្រៃលែងចំពោះលទ្ធផលជាវិជ្ជមាន នៃការចូលរួម កិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិក ក្រោមអធិបតីភាព ឯកឧត្តមប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងសូមគាំទ្រ សម្តេចធិបតី ដែលក្នុងជំនួប ពិភាក្សាជាមួយមេដឹកនាំ និងសមភាគីបរទេសផ្សេងទៀត បានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់ កម្ពុជា ហើយកម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមាន ស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានាជាធរមាន ដើម្បី បញ្ចប់ភាពស្រពិចស្រពិលនៃខ្សែបន្ទាត់ព្រំដែន ដោយប្រជាជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះសំបែង រស់នៅដោយ សុវត្ថិភាព គ្មានការគំរាមកំហែង ឬប្រើប្រាស់កម្លាំងដោយខុសច្បាប់៕
ដោយ៖តារា










