សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានដកស្រង់ ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាកំណើតនៅក្នុងប្រទេសជប៉ុន បានបន្តធ្លាក់ចុះកាលពីឆ្នាំ២០២៥ ដែលមានន័យថា រយៈពេល១០ឆ្នាំជាប់គ្នាមកហើយ។
ទិន្នន័យពីក្រសួងសុខាភិបាលជប៉ុន បានបង្ហាញថា កាលពីក្នុងឆ្នាំ២០២៥ ទារកសរុប៧០៥ ៨០៩នាក់ បានកើតនៅជប៉ុន ដែលជាការថយ២.១ភាគរយ ធៀបទៅនឹងឆ្នាំ២០២៤។ ទិន្នន័យនេះ រាប់បញ្ចូលទាំងទារកសម្រាលដោយជនជាតិជប៉ុន នៅក្នុងប្រទេសជប៉ុន ទារកសម្រាលដោយជនបរទេសនៅជប៉ុន និងទារកសម្រាលដោយជនជាតិជប៉ុន រស់នៅក្រៅប្រទេស។
ជប៉ុនដែលមានសេដ្ឋកិច្ចធំលំដាប់ទី៤នៅលើពិភពលោក គឺជាប្រទេសដែលមានអត្រាកំណើតដ៏ទាបបំផុតមួយ ហើយចំនួនប្រជាជនសរុប កំពុងតែរួញថយ។ ប្រការនេះបាននិងកំពុងនាំឱ្យមាន បញ្ហាយ៉ាងច្រើនរួចជាស្រេច ដូចជាការខ្វះខាតកម្លាំងពលកម្ម ការរីកធំឡើងខ្លាំងនៃការចំណាយលើកម្មវិធីរបបសន្តិសុខសង្គម ហើយចំនួនអ្នកបំពេញការងារ ដើម្បីបង់ពន្ធកាន់តែតិចទៅៗ។
មេដឹកនាំជប៉ុនជាបន្តបន្ទាប់ រួមទាំងនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោកស្រី Sanae Takaichi បានសន្យាជំរុញឱ្យអត្រាកំណើតងើបឡើងវិញ ប៉ុន្តែទទួលបានលទ្ធផលតិចតួច។ កាលពីសប្តាហ៍មុន លោកស្រី Takaichi បានថ្លែងប្រាប់សភាជប៉ុនថា ការធ្លាក់ចុះនៃអត្រាកំណើត និងការរួញថយនៃចំនួនប្រជាជន គឺជាភាពអាសន្នថ្នាក់ជាតិលាក់មុខមួយ ដែលនឹងបំផ្លាញភាពក្លៀវក្លារបស់ប្រទេសជប៉ុនបន្តិចម្តងៗ៕










