ភ្នំពេញ ៖ ឃ្លាំងស្តុកអេតចាយមួយកន្លែងស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១និង៥០នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយពួកគាត់បានឮស្នូសំឡេងផ្ទុះលាន់ឮយ៉ាងខ្លាំង រួចបង្កទៅជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះដែរពួកគាត់ក៏នាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្នរួចនាំគ្នាប្រញាប់រត់ទៅប្រមូលសម្ភារះដែលមានតម្លៃចេញហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់ ។ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់បន្ទាន់។ ក្រោយពីទទួលបានដំណឹងខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងផងដែរ។
ក្រោយពីកម្លាំងជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ ឃើញថាការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ថ្ងៃដដែល ។ ចំពោះករណីខាងលើនេះដែរមិនបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសនោះទេ គ្រាន់តែខូចខាតឃ្លាំងស្តុកអេតចាយមួយខ្នង រួមមានសម្ភារះក្នុងនោះមួយចំនួនធំប៉ុណ្ណោះ ចំពោះមូលហេតុពីរការឆេះនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕
ដោយ ៖ ភារ៉ា ដង្កោ










