ខេត្តសៀមរាប៖ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩» ឆ្នាំ២០២៦ ក្រោមមូលបទ «ជំរុញ និងគាំទ្រផលិតផលជាតិ» ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការចូលរួមគាំទ្រពីរដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ។
នាឱកាសនោះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្តសៀមរាប លោក លោកស្រីប្រធានមន្ទីរពាណិជ្ជកម្ម តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត បងប្អូនអាជីវករ ផលិតករ តំណាងក្រុមហ៊ុន សហគ្រាស សមាគម និងសិស្សនិស្សិត ជាច្រើនរូប។
ជាកិច្ចចាប់ផ្តើម លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងក្រុមការងារពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដ៏មានសារៈសំខាន់នេះឡើងបានយ៉ាងល្អប្រសើរ ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ និងសម្បូរបែប ក្នុងគោលបំណងជំរុញ លើកកម្ពស់ គាំទ្រ ប្រើប្រាស់ និងបង្ហាញផលិតផលនិងសេវាកម្មសក្តានុពលរបស់កម្ពុជា ព្រមទាំងបង្កើតឱកាសក្នុងការផ្គូរផ្គងរវាងធុរជនក្នុងប្រទេស និងផ្សព្វផ្សាយពីកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជា។
លោករដ្ឋលេខាធិការ បន្តថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមលើកកម្ពស់ផលិតជាតិ៕
ដោយ៖តារា










