ភ្នំពេញ : នាឱកាសប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” យ៉ាងមហោឡារិក នាពេលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, ការប្រារព្ធ ទិវាជាតិនេះ ធ្វើឡើងដើម្បីបំផុសលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសយុវជន ឱ្យបន្តចូលរួម ឱ្យកាន់តែសកម្ម និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ ជាពិសេសការបន្តនិរន្តរភាពទីក្រុងស្អាត សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។
សម្តេចបន្តថា, បច្ចុប្បន្ន ប្រទេសកម្ពុជាបាននិងកំពុងបន្តដំណើរឆ្ពោះទៅមុខយ៉ាងស្វាហាប់គួរជាទីមោទនៈ ព្រមជាមួយនឹង ការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុខដុមនីយកម្មក្នុងសង្គម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យរីកចម្រើនរឹងមាំ មានភាពធន់នឹងវិបត្តិ សំដៅសម្រេចឱ្យបានកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត បៃតង និងចីរភាព។ ជាមួយនឹងការកំណត់ចក្ខុវិស័យច្បាស់លាស់នៃ ដំណើរទៅមុខនេះ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើន យូរអង្វែង ដោយត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗ៕
ដោយ : សិលា










