សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ តាមរយៈសារលិខិតក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត”
ថា, កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើន យូរអង្វែង ដោយត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗមានជាអាទិ៍:
១, ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សុខភាពនិងសុខុមាលភាពប្រជាជន ការអភិវឌ្ឍមូលធនមនុស្ស ការកសាង ប្រព័ន្ធគាំពារសង្គមដ៏រឹងមាំ ការប្រឈមមុខនឹងហានិភ័យនានា ភាពងាយរងគ្រោះផ្សេងៗ ព្រមទាំងការគិតគូរពីចីរភាព នៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ លក្ខខណ្ឌការងារ លក្ខខណ្ឌការរស់នៅ ការរីកចម្រើន យ៉ាងឆាប់រហ័សនៃបរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាការគិតគូរពីកិច្ចការពារនិងអភិរក្ស ធនធានធម្មជាតិជាដើម។
ទី២- បន្តពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ-ឯកជន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួល ខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយគុណភាព សុវត្ថិភាព និង បដិសណ្ឋារកិច្ចល្អ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធ សូមបន្តចូលរួមគាំទ្រដល់ចលនាប្រឡងប្រណាំង និងការអនុវត្តស្តង់ដានានាដែលបានដាក់ចេញ កន្លងមក ដែលនឹងចូលរួមយ៉ាងសំខាន់ដល់ការប្រែក្លាយទីក្រុង ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។
ទី៣- ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ត្រូវខិតខំបង្កើតជាវិថីថ្មើរជើង វិថីសិល្បៈ ឬវិថីម្ហូបអាហារ ទៅតាមលក្ខណៈពិសេសនិងអត្តសញ្ញាណនៃទីក្រុងនីមួយៗ ខិតខំពង្រឹង សណ្តាប់ធ្នាប់ សោភណភាព អនាម័យ និងគុណភាពសេវាកម្មរបស់តូបលក់ម្ហូបអាហារតាមដងផ្លូវ ស្របតាមស្តង់ដានៅតាមទីក្រុងនិងទីប្រជុំជននានា ព្រមទាំងត្រូវរៀបចំឱ្យមានខ្សែក្រវាត់បៃតង នៅតាមទីក្រុងទេសចរណ៍សំខាន់ៗ ក្នុងគោលដៅគាំទ្រដល់យុទ្ធនាការ -ទេសចរណ៍គឺជាការនាំចេញ នៅនឹងកន្លែង» ដើម្បីជាតម្លៃបន្ថែមខ្ពស់ដល់វិស័យទេសចរណ៍។
ទី៤- ស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំថែរក្សាឱ្យបាននូវសន្តិ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យស្របតាមទស្សនាទាន «ទីក្រុងស្អាត: ទីក្រុងប្រកបដោយ សុខសុវត្ថិភាពល្អ» និង «ទីក្រុងស្អាត: ទីក្រុងមានសណ្តាប់ធ្នាប់សាធារណៈល្អ»។
ទី៥- ស្នើក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បន្តសហការជាមួយ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវចលនាប្រឡងប្រណាំង -ទីប្រជុំជនទេសចរណ៍ស្អាត-នៅឆ្នាំ២០២៦ ដែលនេះជាការពង្រីកវិសាលភាពនៃយន្តការទីក្រុងស្អាត។
ទី៦- ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ ការចែករំលែកនូវចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ និងការកៀរគរប្រភពធនធាន៕
ដោយ : សិលា










