ខេត្តកោះកុង៖ លោក ម៉ៅ សាន់សូនា ដែលជាមន្រ្តីគយសាខាខេត្តកោះកុង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU ) ចាប់ឃាត់ខ្លួន សង្ស័យពាក់ព័ន្ធនឹងការជម្រិតទារប្រាក់ពីជនជាតិចិនជាច្រើនករណី ។
យោងតាមប្រភពព័ត៌មានពីឈ្មួញអ្នករកស៉ីឡានដឹកទំនិញ បានបង្ហើបប្រាប់ថា៖ លោក ម៉ៅ សាន់សូនា ជាមន្ត្រីគយអណ្ដូងទឹក ដែលល្បីល្បាញខាងជម្រិតទារប្រាក់ សូម្បីតែអ្នកដឹកអេតចាយក៏មិនលើកលែងដែរ ជាក់ស្តែងគ្រប់ឡានដឹកទំនិញក្នុងស្រុកទាំងអស់ ដែលឆ្លងកាត់ផ្លូវជាតិលេខ៤៨ ក្នុងមូលដ្ឋានខេត្តកោះកុង បានដឹកម្ហូបអាហារដូចជា៖ ត្រី សាច់ បន្លែផ្លែឈើបន្តិចបន្តួចសោះ ក៏មន្រ្តីគយរូបនេះ ទារប្រាក់ដែរខណៈពេលឃាត់ត្រួតពិនិត្យម្តងៗជាថ្នូររាប់ពាន់ដុល្លារទើបអាចយកឡានចេញវិញបាន ។ ប៉ុន្តែបើសម្រួលត្រូវគ្នាគេថាយល់យោគយកត្រឹមលុយ៤០ម៉ឺនរៀល ទើបរថយន្តដឹកទំនិញអាចបន្តដំណើរទៅមុខបាន ។ ម៉្យាងទៀតទោះពលរដ្ឋដឹកសម្ភារៈរុះរើផ្ទះផ្លាស់ទីលំនៅ ក៏លោកគយរូបនេះមិនលើកលែងដែរដោយតម្រូវឱ្យបង់លុយក្រៅច្បាប់ចំនួន ១៥ម៉ឺនរៀលក្នុងរថយន្តមួយគ្រឿងជាថ្លៃបាយទឹក ។
គួរបញ្ជាក់ថា លោក ម៉ៅ សាន់ សូនា ជាមន្ត្រីគយអណ្ដូងទឹក ស្ថិតនៅក្រោមឱវាទលោក ទុំណូ ប្រធានសាខាគយខេត្តកោះកុង ទទួលភារកិច្ចឈរជើងនៅចំណុច ភូមិជីមាលឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្ត កោះកុង លើផ្លូវជាតិលេខ៤៨ ។ កន្លងមក លោក ម៉ៅ សាន់សូនា រូបនេះបានជម្រិតទារប្រាក់ពីអ្នករកស៊ីដឹកគ្រឿងសមុទ្រចេញពីឃុំថ្មសទៅភ្នំពេញរាប់សែនរៀល ជាច្រើនដងមកហើយ ។ ករណីនេះត្រូវបានថ្នាក់លើដកបញ្ឈរជើងមួយរយៈ ។ ប៉ុន្តែមិនដឹងយ៉ាងម៉េចទើបលោកគយរូបនេះមានសំណាងត្រឡប់មកវិញ ដោយបញ្ចេញថ្វីដៃពុករលួយខ្លាំងជាមុន ដើម្បីប្រញាប់ស្រង់ដើមហើយមើលទៅ ទើបឈានដល់អង្គភាពប្រឆាំងអំពេីពុករលួយ ចាប់ឃាត់ខ្លួនលោក ម៉ៅ សាន់ សូនា តែម្តង។
ជាមួយនឹងការចាប់ឃាត់ខ្លួនលោក ម៉ៅ សាន់ សូនា ប្រជាជន និងអាជីវកររកស៊ីក៏បានសារទរចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានចំណាត់ការច្បាប់ដ៏ត្រឹមត្រូវលើមន្ត្រីខិលខូចទុច្ចរឹត រំលោភច្បាប់ ដើម្បីប្រយោជន៏ខ្លួន និងបក្ខពួក ក្រុមគ្រួសារ ។
ក្រោយបានដំណឹងថាសមត្ថកិច្ចបានចាប់ខ្លួន លោក ម៉ៅ សាន់ សូនា ពលរដ្ឋក្រីក្ររកស៊ីបន្តិចបន្តួចលក្ខណៈគ្រួសារ សង្ឃឹមថាពួកគាត់នឹងលែងរងការគាបសង្កត់ពីមន្ត្រីគយខិលខូចទៀតហើយ និងសំណូមពរដល់អង្គភាពប្រឆាំងអំពើពុករលួយជួយមើលលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុងផង ព្រោះក៏អាចពាក់ព័ន្ធនឹងករណីពុករលួយនេះដែរ ខណៈរូបខ្លួនជាអ្នកគ្រប់គ្រងទូទៅប្រចាំសាខានោះ។
ជុំវិញករណីខាងលេីនេះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន ព្យាយាមទំនាក់ទំនងទៅអង្គភាពអ្នកនាំពាក្យប្រឆាំងអំពើពុករលួយ ប៉ុន្តែមិនមានលេខទូរស័ព្ទ ដេីម្បីសុំការបំភ្លឺ។
ចំពោះករណីខាងលើនេះដែរ អង្គភាពយេីងរង់ចាំការបំភ្លឺនិងបកស្រាយពីសាមីអង្គភាពពាក់ព័ន្ធគ្រប់ពេលវេលាម៉ោងធ្វើការផងដែរ៕
ដោយ៖តារា










