ក្លឹប Manchester City និង Real Madrid នឹងបន្តការប្រកួតប្រជែងដ៏តានតឹងរបស់ពួកគេ បន្ទាប់ពីត្រូវបានចាប់ឆ្នោតឲ្យជួបគ្នាម្តងទៀត ក្នុងវគ្គជម្រុះ (knockout stage) នៃពានរង្វាន់ UEFA Champions League ជាលើកទី 6 ចាប់តាំងពីរដូវកាល 2019-20 មក។
ក្រុមយក្សទាំងពីរនេះបានជួបគ្នារួចម្តងក្នុងរដូវកាលនេះ ដោយ Man City បានឈ្នះ 2-1 លើ Real Madrid ដែលជាក្រុមឈ្នះពានអឺរ៉ុប 15 ដង ក្នុងការប្រកួតវគ្គ League Phase កាលខែធ្នូ។
វាក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ Champions League ផងដែរ ដែលក្រុមពីរនេះជួបគ្នាក្នុងវគ្គ knockout រយៈពេល 5 រដូវកាលជាប់ៗគ្នា។
គ្រូបង្វឹក Man City លោក Pep Guardiola បាននិយាយថា៖
«សម្រាប់ក្លិបយើង ពេលដែលលេងជាមួយក្រុមល្អបំផុតក្នុងប្រវត្តិសាស្ត្រការប្រកួតនេះ អ្នករៀនបានច្រើន អ្នកអភិវឌ្ឍខ្លួន និងកាន់តែប្រសើរឡើងនៅពេលអនាគត»។
PSG ជួប Chelsea
ម្ចាស់ជើងឯកចាសើ Paris Saint-Germain នឹងត្រូវជួបតោខៀវ Chelsea ជាការប្រកួតសងសឹកពីវគ្គផ្តាច់ព្រ័ត្រ Club World Cup ឆ្នាំមុន ដែល Chelsea ឈ្នះ។
គ្រូបង្វឹក Chelsea លោក Liam Rosenior បាននិយាយថា៖«ខ្ញុំរំភើបខ្លាំងណាស់។ PSG ជាក្រុមអស្ចារ្យ។ ខ្ញុំមានបទពិសោធន៍លេងជាមួយពួកគេនៅបារាំង។ ខ្ញុំតែងតែគោរពក្រុមនេះ»។
Arsenal រួចផុតពីការប៉ះក្រុមធំៗ
Arsenal នឹងជួប Bayer Leverkusen ខណៈក្រុមកំពូលតារាង Premier League មួយនេះបានជៀសចេញពីការជួបក្រុមធំៗ បន្ទាប់ពីឈ្នះ 8 ប្រកួតពេញលេញក្នុងវគ្គ League Phase។
បើ Arsenal ឡើងទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ ពួកគេនឹងជួប Sporting CP ឬ Bodø/Glimt។
ខណៈក្រុមធំៗដូចជា Real Madrid, Manchester City, PSG, Liverpool, Bayern Munich និង Chelsea ដែលឈ្នះពាន 10 លើកចុងក្រោយ ស្ថិតនៅម្ខាងទៀតនៃការចាប់ឆ្នោត។
គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា៖«យើងរំភើបណាស់ក្នុងការលេងវគ្គបន្ទាប់។ យើងបានរកសិទ្ធិនេះដោយសារតែការប្រកួតល្អក្នុងវគ្គក្រុម»។
ការប្រកួតផ្សេងៗ
Bayern Munich នឹងជួប Atalanta ដែលទើបតែបំបាក់ Borussia Dortmund ក្នុងវគ្គ playoff ដោយបាល់ពិន័យនៅម៉ោងបន្ថែម។
Newcastle United នឹងជួប Barcelona ម្តងទៀត ខណៈ Liverpool ត្រូវបានចាប់ឆ្នោតឲ្យជួប Galatasaray។
គ្រូបង្វឹក Barcelona លោក Hansi Flick បាននិយាយថា៖«Newcastle ជាក្រុមអស្ចារ្យ។ យើងបានឃើញក្នុងការប្រកួតចុងក្រោយដែលលេងនៅទីនោះ។ វាមិនងាយស្រួលទេ»។
វគ្គ 16 ក្រុមចុងក្រោយនៃ Champions League នឹងក្លាយជាការប្រកួតដ៏ក្តៅគគុក ដែលអាចផ្តល់ជួបគ្នាដ៏អស្ចារ្យមុនឈានទៅវគ្គបន្ទាប់៕










