សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ចិនបានប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីប្រទេសអ៉ីរ៉ង់ ឱ្យបានឆាប់តាមអាចធ្វើទៅបាន ហើយសម្រាប់អ្នកដែលនៅប្រទេសអ៉ីស្រាអែលវិញ ត្រូវបង្កើនការត្រៀមលក្ខណៈសម្រាប់ពេលមានអាសន្ន ដោយសារការកើនឡើងនៃហានិភ័យសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ា។
ក្រសួងការបរទេសចិន បាននិយាយថា ជនជាតិចិនទាំងអស់ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ត្រូវបានណែនាំឱ្យពង្រឹងការប្រុងប្រយ័ត្នសុវត្ថិភាព និងជម្លៀសខ្លួនចេញឱ្យបានឆាប់ តាមអាចធ្វើទៅរួច។ ក្រសួងការបរទេសចិន បានប្រាប់ពលរដ្ឋចិនឱ្យចៀសវៀងធ្វើដំណើរទៅអ៉ីរ៉ង់ជាបណ្តោះអាសន្នសិន នៅចំពោះមុខស្ថានការណ៍សន្តិសុខនាពេលនេះ។ ចំណែកឯស្ថានទូតចិននៅអ៉ីស្រាអែល ក៏បានណែនាំឱ្យពលរដ្ឋខ្លួន រក្សាការប្រុងប្រយ័ត្នខ្ពស់ និងពង្រឹងការត្រៀមលក្ខណៈពេលមានអាសន្ន ហើយចៀសវាងធ្វើដំណើរចេញក្រៅ លុះត្រាតែចាំបាច់។
កាលពីថ្ងៃដដែល សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យបុគ្គលិកមិនចាំបាច់នៃស្ថានទូតរបស់ខ្លួន ចាកចេញពីអ៉ីស្រាអែល ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន បានគំរាមវាយប្រហារលើអ៉ីរ៉ង់។ យោធាអាមេរិកកំពុងបង្កើនកងកម្លាំងរបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា ដោយនាវាផ្ទុកយន្តហោះចម្បាំងធំបំផុតរបស់ពិភពលោក គឺ USS Gerald R. Ford ត្រូវបានរំពឹងថា នឹងទៅដល់ក្បែរឆ្នេររបស់អ៉ីស្រាអែល។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កិច្ចចរចាជុំថ្មីរវាងអ៉ីរ៉ង់និងសហរដ្ឋអាមេរិក ក្រោមការសម្របសម្រួលរបស់អូម៉ង់ បានបញ្ចប់ទៅដោយពុំទាន់សម្រេចបានកិច្ចព្រមព្រៀងឡើយ ហើយស្របពេលភ្លាមៗបន្ទាប់ពីកិច្ចចរចា មានការបង្ហាញសុទិដ្ឋិនិយម ប៉ុន្តែក្រោយមក ទីក្រុងតេហេរ៉ង់ក៏បានព្រមានឱ្យទីក្រុងវ៉ាស៉ីនតោន ចាំបាច់ត្រូវតែទម្លាក់ចោលការទាមទារហួសហេតុ ដើម្បីអាចឈានដល់កិច្ចព្រមព្រៀង៕
រូបថត:EPA










