ភ្នំពេញ៖ តំណាងលោកអភិបាលខេត្តសៀមរាប លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មរ៉ែ ដែលធ្វើការជីកកកាយយករ៉ែដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ នឹងត្រូវទទួលទោសតាមច្បាប់កំណត់ជាធរមានដោយគ្មានករណីលើកលែងឡើយ។
ការព្រមានបែបនេះរបស់លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប នាឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តសៀមរាប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីជំនាញជាច្រើនរូប។
ជាក់ស្ដែងថ្លែងក្នុងឱកាសនោះ លោក ឌី រ៉ាដូ បានបញ្ជាក់ថា «សម្រាប់ម្ចាស់ជីវកម្មរ៉ែដែលមានអាជ្ញាបណ្ណចល័តហើយ មិនមែនមានន័យថាពួកគាត់សុទ្ធតែមានសិទ្ធិជីកកកាយតាមសេរីភាពនោះទេ ប៉ុន្តែត្រូវសុំអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជាក់ថាដីជីកយករ៉ែទាំងនោះមិនប៉ះពាល់ដល់ដីរដ្ឋ និងទួលបុរាណ ឬតំបន់បេតិកភណ្ឌ និងតំបន់កសិកម្មផ្សេងៗ»។ លោកអភិបាលរងរូបនេះ បន្តថា ច្បាប់បានកំណត់យ៉ាងច្បាស់ហើយថាអាជ្ញាបណ្ណចល័ត គឺអាចជីកកាយបានតែដីឯកជនតែប៉ុណ្ណោះ ហើយមុននឹងបញ្ជាឱ្យជីកកាយម្ចាស់អាជីវកម្មរ៉ែត្រូវតែមានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋានជាមុនសិន។
លោកបានបន្តទៀតថា សម្រាប់ម្ចាស់អាជីវកម្មដែលមានអាជ្ញាបណ្ណចល័តហើយទទួលបានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានហើយ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវដោយការប្រើប្រាស់អាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែសម្រាប់សេវាកម្មជីកយកអាចម៏ដី រណ្ដៅដីចល័តត្រូវអនុវត្តឱ្យត្រូវតាមលក្ខខណ្ឌដែលអនុញ្ញាតឱ្យជីលើក្រឡាដីមិនលើសពី០.៥ហិកតា និងជម្រៅមិនលើសពី៣ម៉ែត្រ ឬប្រតិបត្តិការយកអាចម៍ដីដែលមានក្រឡាផ្ទៃដូចមុនលើស១ហិកតា និងជម្រៅមិនលើសពី១ម៉ែត្រ ហើយម្ចាស់អាជីវកម្មមុននឹងធ្វើអាជីវកម្ម ក៏ត្រូវមានកិច្ចសន្យាការពារបរិស្ថាន។
បន្ថែមពីនេះ អភិបាលរងខេត្តរូបនេះ ក៏បានជំរុញដល់រដ្ឋបាលក្រុងស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងតាមដានលើកិច្ចការនេះឱ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុងករណីរកឃើញការជីកកាយយកអាចម៍ដីដោយខុសច្បាប់៕
ដោយ៖តារា










