ខេត្តបាត់ដំបង ៖ ក្រុមជន «ទមិឡ» គ្មានសាសនាចំនួន៤នាក់ ដែលសមគំនិតគ្នាចូលលួចទ្រព្យសម្បត្តិនៅតាមទីវត្តអារាមក្នុងក្រុងបាត់ដំបង ហើយត្រូវកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវតាមចាប់ខ្លួនបាន ក្រោយប្រព្រឹត្តបទល្មើស នៅព្រឹកថ្ងៃទី២៨ កុម្ភៈនេះ មន្ត្រីការិយាល័យជំនាញបានបញ្ជូនពួកគេទៅតុលាការចាត់ការតាមនីតិវិធីហើយ។ នេះបើតាមមន្ត្រីជំនាញបានប្រាប់ឲ្យដឹង។
ក្រុមជន«ទមិឡ»អត់សាសនាទាំង០៤នាក់ដែលដើរលួចទ្រព្យសម្បត្តិរបស់ព្រះសង្ឃនៅតាមវត្ត ហើយត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្រាវជ្រាវតាមចាប់ខ្លួនបាននោះ មានអ្នកចូលរួមសមគំនិតនិងអ្នកទិញផលចោរកម្ម រីឯជនដៃដល់ពិតប្រាកដត្រូវកម្លាំងជំនាញនៃស្នងការដ្ឋានខេត្តចាប់បានបញ្ជូនទៅតុលាការរួចហើយ ។
ជនសង្ស័យទាំង០៤នាក់រួមមាន៖
១-ឈ្មោះរ៉េត ភីរម្យ អាយុ២៨ឆ្នាំ (អ្នករួមគំនិត) នៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ។ ២-ឈ្មោះ កែវ សុខជា អាយុ៣៩ឆ្នាំ (អ្នករួមគំនិត) នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
៣-ឈ្មោះ សុខ សុភ័ក្រ អាយុ៣៦ឆ្នាំ នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង(អ្នកទទួលទិញផលចោរកម្ម)និង ៤-ឈ្មោះសាម សំរិទ្ធ អាយុ៣៧ឆ្នាំ(អ្នកដឹកសម្ភារៈដែលលួចបានដើរលក់) រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ជនទាំង០៤នាក់នេះ ត្រូវបានកម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវឃាត់ខ្លនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ពោលគឺចាប់បាន១ថ្ងៃ ក្រោយកើតហេតុ ។ ប៉ុន្តែបើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនទាំង០៤នាក់នេះជាអ្នកទទូលទិញ«ផលចោរកម្ម» និង«អ្នកសមគំនិត» រីឯជនដៃដល់(អ្នកប្រព្រឹត្តផ្ទាល់)មានតែម្នាក់ទេ ហើយជននោះត្រូវកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្តតាមចាប់ខ្លួនបានជាមួយនឹងជនសមគំនិត០២នាក់ទៀត។
ជនដៃដល់និងជនសមគំនិតដែលខាងកម្លាំងស្នងការដ្ឋានខេត្តចាប់ខ្លួនបានរួមមាន៖ ១-ឈ្មោះ ធឿន ម៉េងហុង ហៅ
ម៉េង អាយុ២៥ឆ្នាំ ជនដៃដល់ផ្ទាល់ គ្មានមុខរបរនិងកន្លែងស្នាក់នៅពិតប្រាកដទេ ប៉ុន្តែជនដៃដល់ម្នាក់នេះធ្លាប់បួសរៀននៅក្នុងវត្តសង្កែ, ២-មិនទាន់ស្គាល់ឈ្មោះ(ជនសមគំនិត) និង៣-មិនទាន់ស្កាល់ឈ្មោះ(ជនសមគំនិត) ។
បើតាមលោក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា បើតាមចម្លើយសារភាព គឺពួកគេមានគ្នីគ្នាសរុបចំនួន០៨នាក់ ។ ប៉ុន្តែជនដែលប្រព្រឹត្តផ្ទាល់មានតែម្នាក់ទេ គឺឈ្មោះម៉េងហុង ក្រៅពីនេះជាអ្នកទទូលផលចោរកម្ម និងអ្នកចូលរួមសមគំនិតប្រព្រឹត្តអំពើ«ចោរកម្ម» រាប់ទាំងជនសង្ស័យចំនួន៤នាក់ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានផង ដូច្នេះនៅម្នាក់ទៀតកំពុងគេចខ្លួន ។
យោងតាមរបាយការណ៍របស់ការិយាល័យជំនាញកងរាជអាវុធហត្ថបានឲ្យដឹងដែរថា ជាមួយនឹងការឃាត់ខ្លួនក្រុម «ទមិឡ» អត់សាសនា មន្ត្រីជំនាញដកហូតវត្ថុតាងដែលជនសង្ស័យបានលួចយកចេញពីសាលា ឆាន់ក្នុង«វត្តដំរីស» និង«វត្តសង្កែ» ហើយបានប្រគេនជូនព្រះសង្ឃវិញហើយ។ សូមបញ្ជាក់ថា អំពើរ«ចោរកម្ម»នៅក្នុងវត្តទាំង០២ខាងលើនេះបានកើតឡើងស្ទើរព្រមៗគ្នា នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កុម្ភៈ ។
នៅ«វត្តដំរីស» ក្រុមប្រេតបានឡើងគាស់ដំបូលសាលាឆាន់ចុះមកក្រោមរួចគាស់ហឹបដាក់បច្ច័យចំនួន៧ហឹប ប្រមូលយកបច្ច័យអស់ប្រហែល២០ម៉ឺនរៀល ។ ដោយឡែក នៅ«វត្តសង្កែ»វិញ បើតាមសេចក្ដីរាយការណ៍គឺមានបាត់បង់ច្រើនគួរសម ។ ជនអន្យតិរ្ដីយបានចូលក្នុងសាលាឆាន់លួចយកឧបករណ៍បំពងសំឡេង (ធុងបាស់ ម៉ៃក្រូហ្វូន អាំព្លី) និងអង្ករចំនួន០៦ការុង ។
ប៉ុន្តែយ៉ាងណា ក្រុមអត់សាសនាដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ដោយសារតែរួមគំនិតលួចទ្រព្យសម្បត្តិក្នុងវត្តអារាមខាងលើនេះ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តបញ្ជូនទៅតុលាការអស់ហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់៕










