ខេត្តកណ្តាល : បន្ទាប់ពីមានករណីដួលសន្លប់២០រូប និងមរណភាពកម្មការិនី១រូបនៅរោងចក្រ ខេមបូ យូនីសូល ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ដ្រីជំនាញក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះទៅពិនិត្យភ្លាមៗ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ ដោយបន្ថែមថា ក្រសួងបានយកចិត្ដទុកដាក់ខ្ពស់លើករណីនេះក្នុងនាមជាអាណាព្យាបាល។
លោក ស៊ុន មេសា បានបញ្ជាក់ដូច្នេះថា៖ “ក្រសួងសូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពនៃកម្មការិនី យឹម រីន។ ជាមួយគ្នានេះ ខ្ញុំសូមជម្រាបថា ភ្លាមៗក្រោយទទួលបានដំណឹងចំពោះការដួលសន្លប់ មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យភ្លាមៗនៅទីតាំងរោងចក្រ និងពិនិត្យមើលបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត”។
អ្នកនាំពាក្យរូបនេះបានពន្យល់ពីដើមហេតុនៃការសន្លប់ និងការឈានដល់ការស្លាប់១ករណីថា ដំបូងនៃគ្រោះថ្នាក់គឺផ្ដើមចេញពីការមើលព័ត៌មានស្តីពីគ្រោះថ្នាក់ចរាចរណ៍ជាមួយកម្មករក្នុងផ្នែកដូចគ្នានៅម៉ោង ៧និង១៥នាទីព្រឹក ដែលធ្វើឱ្យកម្មការិនី យឹម រីន មានការតក់ស្លុត និងភិតភ័យដែលធ្វើឱ្យទន់ដៃ ទន់ជើង ដួលធ្លាក់ពីតុម៉ាស៊ីនដេរ ហើយបែកពពុះមាត់ និងបញ្ឈរភ្នែក និងបានបាត់បង់ជីវិតមុនទៅដល់មន្ទីរពេទ្យបើទោះបីជាមានការជួយសង្គ្រោះបឋមភ្លាមៗក្នុងរោងចក្រក៏ដោយ។ ចំពោះករណីនេះ មន្ត្រីជំនាញបញ្ជាក់ថា សម្ពាធឈាមរបស់កម្មការិនី យឹម រីន បានឡើងខ្លាំងដែលធ្វើឱ្យដាច់សរសៃឈាមក្នុងខួរក្បាលបណ្តាលឱ្យបាត់បង់ជីវិត។
ដោយឡែកកម្មករ២០រូបផ្សេងទៀតដែលនៅជុំវិញ ឃើញអាការៈរបស់កម្មការិនី យឹម រីន ក៏មានអារម្មណ៍ភិតភ័យសន្លប់តែម្តង ប៉ុន្តែជាករណីស្រាលប៉ុណ្ណោះ ហើយបច្ចុប្បន្នបានទៅសម្រាកនៅតាមគេហដ្ឋានរៀងៗខ្លួន។ សម្រាប់ករណីមរណភាពរបស់កម្មការិនី យឹម រីន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)នៃក្រសួងការងារ បានផ្តល់វិភាជន៍បូជាសពចំនួន១០លានរៀល និងអង្កេតដើម្បីផ្តល់អត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករយោងតាមច្បាប់ជាធរមាន។ នេះបើតាមលោក ស៊ុន មេសា ដដែល។
សូមបញ្ជាក់ថា បច្ចុប្បន្នសពជនរងគ្រោះបាននិងកំពុងធ្វើបុណ្យតាមប្រពៃណី នៅភូមិមេលូង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។ ជាមួយគ្នាអ្នកនាំពាក្យក្រសួងការងារ បានស្នើកុំឱ្យយកការស្លាប់ និងសន្លប់របស់កម្មករនៅក្នុងរោងចក្រខេត្តកណ្តាលនេះធ្វើជាអាជីវកម្ម និងដើម្បីប្រជាប្រិយភាពផ្ទាល់ខ្លួន៕












