ភ្នំពេញ៖ ដើម្បីឈ្វេងយល់ពីសក្តានុពលកសិកម្មនៅភូមិភាគឦសានលោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា កាលពីម្សិលមិញ ឆ្នាំ២០២៦នេះ បានចុះពិនិត្យដោយផ្ទាល់នៅចម្ការកាហ្វេភីដា (PIDA Coffee Farm) ដែលជាចំការ គំរូនៃភាពជោគជ័យក្នុងវិស័យកាហ្វេនៅខេត្តមណ្ឌលគិរី ។
ដោយសារកាហ្វេ និងកាកាវ គឺជាដំណាំយុទ្ធសាស្ត្រ ថ្មីសម្រាប់ភូមិភាគឦសាន និងបានលើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាលបច្ចេកទេសកម្រិតខ្ពស់ ព្រមទាំងបានបង្ហាញនូវទស្សនវិស័យវែងឆ្ងាយលើការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម កាហ្វេ និងកាកាវ ដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចជា សក្តានុពលទីផ្សារក្នុងស្រុក ការពង្រឹងធនធានមនុស្ស និងបច្ចេកទេសពូជជាដើម។
លោកបានកត់សម្គាល់ថា បច្ចុប្បន្នផលិតកម្មកាហ្វេក្នុងខេត្តមណ្ឌលគិរីអាច ឆ្លើយតបបានត្រឹមតែប្រមាណ ១០% ប៉ុណ្ណោះ នៃតម្រូវការទីផ្សារសរុបក្នុងស្រុក តែវាជា សញ្ញាវិជ្ជមានដែលបង្ហាញពីកាលានុវត្តភាពដ៏ធំធេងសម្រាប់កសិករ និងវិនិយោគិនក្នុង ការបង្កើនផ្ទៃដីដាំដុះកាហ្វេ និងកាកាវ ដើម្បីកាត់បន្ថយការនាំចូល។
លោក ធន់ វឌ្ឍនា បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ជាមួយ PIDA Coffee Farm ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជំនាញឯកទេសកាហ្វេ។ ជំរុញការស្រាវជ្រាវ និងផលិតពូជ កាហ្វេដែលមានគុណភាពខ្ពស់ក្នុងស្រុក ដើម្បីផ្តល់ជូនកសិករនូវពូជដែលផ្តល់ទិន្នផលខ្ពស់ និងធន់នឹងអាកាសធាតុ។ រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ក្នុងការប្រែក្លាយ តំបន់ភូមិភាគឦសានឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់។ ក្នុងន័យនេះកាហ្វេ និងកាកាវ គួរត្រូវបាន បញ្ចូលជាដំណាំយុទ្ធសាស្ត្របន្ថែមលើដំណាំដែលមានស្រាប់ដូចជា ចេក ស្វាយចន្ទី កៅស៊ូ និងដំឡូងមីជាដើម៕










