តារាសម្ដែង Jun Ji Hyun ទិញអចលនទ្រព្យនៅទីក្រុងសេអ៊ូល តម្លៃសរុប 32 លានដុល្លារ

ចែករំលែក៖

តារាសម្ដែងកូរ៉េខាងត្បូង Jun Ji Hyun ត្រូវបានរាយការណ៍ថា បានទិញអគារចំនួន 2 នៅតំបន់ Seongsu នៃទីក្រុង សេអ៊ូល ព្រមទាំងដីមួយកន្លែងនៅចន្លោះអគារទាំងពីរ ក្នុងតម្លៃសរុប 46.8 ពាន់លានវ៉ុន (ប្រហែល 32 លានដុល្លារ)។

យោងតាម Star News Korea កាលពីថ្ងៃទី 27 កុម្ភៈ បានឲ្យដឹងថា Jun បានទិញអគារកម្ពស់ 5 ជាន់ មានជាន់ក្រោមដី 1 ជាន់ នៅខែកញ្ញាឆ្នាំមុន ក្នុងតម្លៃ 18.6 ពាន់លានវ៉ុន។ អគារនេះមានផ្ទៃក្រឡាសរុបប្រហែល 1,042 ម៉ែត្រការ៉េ។

នាងក៏បានទិញអគារផ្សេងទៀតកម្ពស់ 3 ជាន់ នៅតំបន់ដូចគ្នា ក្នុងតម្លៃ 26 ពាន់លានវ៉ុន ដែលមានផ្ទៃក្រឡាសរុបប្រហែល 1,129 ម៉ែត្រការ៉េ។ លើសពីនេះ ដីទំហំ 50 ម៉ែត្រការ៉េ នៅចន្លោះអគារទាំងពីរ ត្រូវបានទិញក្នុងតម្លៃ 2.2 ពាន់លានវ៉ុន ដែលធ្វើឲ្យតម្លៃប្រតិបត្តិការសរុបឡើងដល់ 46.8 ពាន់លានវ៉ុន។

របាយការណ៍បញ្ជាក់ថា Jun បានបញ្ចប់ការចុះបញ្ជីផ្ទេរកម្មសិទ្ធិនៅថ្ងៃទី 23 កុម្ភៈ។ សិទ្ធិធានាបំណុល (collateral security) តម្លៃ 33.6 ពាន់លានវ៉ុន ត្រូវបានកំណត់លើអចលនទ្រព្យទាំងនេះ។ ជាធម្មតា ចំនួនបំណុលអតិបរមាត្រូវកំណត់ប្រហែល 120% នៃប្រាក់កម្ចី ដូច្នេះគេប៉ាន់ស្មានថា ប្រាក់កម្ចីពិតប្រាកដប្រហែល 28 ពាន់លានវ៉ុន។

តាម The Asia Business Daily បានរាយការណ៍ថា Jun មានអចលនទ្រព្យជាច្រើននៅទូទាំងទីក្រុងសេអ៊ូលរួចហើយ។ ឆ្នាំ 2022 នាងបានទិញអគារពាណិជ្ជកម្មមួយនៅតំបន់ Gangseo ក្នុងតម្លៃ 50.5 ពាន់លានវ៉ុន។ ឆ្នាំ 2023 នាងបានទិញខុនដូ duplex penthouse នៅ Acro Seoul Forest ក្នុងតំបន់ Seongdong តម្លៃ 13 ពាន់លានវ៉ុន ជាសាច់ប្រាក់សុទ្ធ។ នាងក៏កាន់កាប់អចលនទ្រព្យពាណិជ្ជកម្មនៅតំបន់ Yongsan និង Gangnam ផងដែរ ហើយតម្លៃសរុបអចលនទ្រព្យរបស់នាងត្រូវបានប៉ាន់ស្មានប្រហែល 150 ពាន់លានវ៉ុន។

Jun អាយុ 45 ឆ្នាំ បានចាប់ផ្តើមបង្ហាញមុខលើអេក្រង់ទូរទស្សន៍ក្នុងឆ្នាំ 1998 ហើយល្បីល្បាញខ្លាំងជាមួយភាពយន្តរ៉ូមែនទិកកំប្លែង My Sassy Girl ក្នុងឆ្នាំ 2001 ដែលជួយលើកស្ទួយភាពយន្តកូរ៉េទៅកាន់ឆាកអន្តរជាតិ។ បន្ទាប់មក នាងបានសម្ដែងក្នុងភាពយន្តល្បីៗដូចជា The Thieves និង Assassination ព្រមទាំងរឿងភាគទូរទស្សន៍ពេញនិយមដូចជា My Love from the Star និង The Legend of the Blue Sea។

ភាពជោគជ័យជាបន្តបន្ទាប់របស់នាង ទាំងក្នុងវិស័យភាពយន្ត និងទូរទស្សន៍ បានធ្វើឲ្យនាងក្លាយជាតួអង្គសំខាន់ម្នាក់ក្នុងរលកវប្បធម៌កូរ៉េ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print