ភ្នំពេញ៖ លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បណ្តាអង្គភាពអនុវត្ត ច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នាយ៉ាងសកម្ម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីពង្រឹង ប្រសិទ្ធភាពអនុវត្តច្បាប់ ឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋជនគ្រឿងញៀន ដោយបានទទួលលទ្ធ ផលជាច្រើនជាបន្តបន្ទាប់។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៥ ខែមីនា នេះ បានលើកឡើងថា តាមរយៈការពង្រឹងប្រសិទ្ធភាពស្ថាប័ន អនុវត្តច្បាប់ ជាលទ្ធផល អាជ្ញាធរបានបង្រ្កាបគ្រៀងញៀន ចំនួនជាងមួយម៉ឺនករណី ហើយឃាត់ខ្លួនជន សង្ស័យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះបានជិតបីម៉ឺននាក់ និងគ្រឿងញៀនជាងប្រាំតោននៅក្នុងឆ្នាំ២០២៥។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ប្រតិបត្តិការបានធ្វើឡើងនៅតាមគោលដៅសប្បាយដ្ឋាន ដែលងាយរង ហានិភ័យដោយបទ ជាង១ម៉ឺន៤ពាន់ទីតាំង មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ បាបរទេស ខារ៉ាអូខេ និងក្លិបកម្សាន្តជាដើម។
លោក មាស វិរិទ្ធ បានលើកឡើងផងដែរថា សភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌអន្តរ ជាតិ និងក្នុងតំបន់ នៅតែមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងវិវត្តប្រែប្រួលស្មុគស្មាញ ប្រកបដោយគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភ ខណៈការប្រកួតប្រជែងដណ្តើមភូមិសាស្រ្តនយោបាយ កត្តាអសន្តិសុខជាសកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើន សកម្មភាពដាំ ដុះ និងផលិតគ្រឿងញៀន ក៏ដូចជាការលួចលាក់ចរាចរសារធាតុគីមីផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀន សំយោគ ជាពិសេសនៅតំបន់អាមេរិកខាងត្បូង អឌ្ឍចន្ទមាស និងត្រីកោណមាសជា ដើម។ ក្នុងស្ថានភាពនេះតម្រូវការគ្រឿងញៀនសំយោគក៏មានការកើនឡើងជាគំហុក ពិសេសប្រភេទ មេតំហ្វេតាមីនក្រាមម្សៅ កេតាមីន និងអ៊ិចស្តាស៊ីជាដើម។
ដោយឡែកសម្រាប់កម្ពុជា នៅតែបន្តរងការគំរាមកំហែងពីសភាពការណ៍គ្រឿងញៀនសកលលើ នេះ ជាពិសេសពីតំបន់ត្រីកោណមាស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានធ្វើការបង្រ្កាបជាបន្តបន្ទាប់ ជាលទ្ធផលកាលពីឆ្នាំ២០២៥កន្លងទៅ បង្រ្កាបករណីធំៗ ដែលមានបណ្តាញខ្សែរយៈចាត់តាំងចំ នួន១៤៤ករណី ចាប់មេខ្លោង ចំនួន១៨នាក់ ខ្សែរយៈបណ្តាញ ចំនួន៤៤៣នាក់ រួមទាំងសារ ធាតុញៀនបានជាងប្រាំតោន ខណៈសារធាតុគីមីសរុបជាង៣៦តោន៕
ដោយ៖តារា










