ទីក្រុងហ្សាកាតា៖ ដើម្បីទប់ស្កាត់ហានិភ័យដូចជា ការក្លែងបន្លំតាមអ៊ីនធឺណិត ការបំពានតាមអ៊ីនធឺណិត និងការញៀនអ៊ីនធឺណិតចំណាយពេលច្រើនម៉ោងក្នុងការប្រើប្រាស់ជាដើម ប្រទេសឥណ្ឌូនេស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា នឹងហាមឃាត់កុមារអាយុក្រោមអាយុ ១៦ ឆ្នាំពីការប្រើប្រាស់បណ្ដាញសង្គម។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលឥណ្ឌូនេស៊ី លោកស្រី Medina Metia បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា គណនីរបស់កុមារអាយុក្រោម ១៦ ឆ្នាំនៅលើបណ្តាញសង្គមជាច្រើន នឹងត្រូវបានផ្អាកប្រើប្រាស់ទាំងស្រុង។
លោកស្រី Metia បានបញ្ជាក់ថា វិធានការរបស់រដ្ឋាភិបាលមានគោលបំណងជួយឱ្យឪពុកម្តាយមិនត្រូវប្រឈមមុខនឹងបញ្ហាហានិភ័យពីបណ្ដាញសង្គម និងការពារកូនៗរបស់អាណាព្យាបាលពីការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងងាកមកផ្តោកលើការសិក្សាវិញ។លោកស្រីថា ការហាមឃាត់នេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២៨ មីនា ឆ្នាំ ២០២៦ ទៅ ហើយការអនុវត្តវិធានការនេះនឹងធ្វើឡើងជាដំណាក់កាល រហូតដល់ប្រព័ន្ធបណ្តាញសង្គមទាំងអស់បំពេញកាតព្វកិច្ចអនុលោមតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី។
បន្ថែមពីនេះ លោកស្រី Metia រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា៖ «យើងកំពុងអនុវត្តវិធានការនេះ ដើម្បីការពារអនាគតកូនៗរបស់យើង។ យើងចង់ឱ្យបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្ស មិនមែនបំផ្លាញកុមារភាពរបស់កូនៗយើងទេ»។ លោកស្រីបន្តទៀតថាវិធានការនេះដំបូងនឹងអនុវត្តលើវេទិកាដូចជា YouTube, TikTok, Facebook, Instagram, Threads, X, Bigo Live និង Roblox ជាដើម។
ក្រៅពីឥណ្ឌូនេស៊ីក៏មានប្រទេស អូស្ត្រាលី បានហាមឃាត់ការប្រើប្រាស់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ កាលពីខែធ្នូឆ្នាំមុន ខណៈដែល អេស្ប៉ាញ ក៏បានប្រកាសវិធានការដូចគ្នានេះកាលពីខែមុន ដោយនៅអឺរ៉ុប ប្រទេស បារាំង ដាណឺម៉ាក ក្រិក និងអេស្ប៉ាញ ក៏កំពុងជំរុញវិធានការប្រហាក់ប្រហែលគ្នានេះនៅកម្រិតសហភាពអឺរ៉ុប (EU) បូករួមទាំងរដ្ឋ Karnataka នៅភាគខាងត្បូងប្រទេសឥណ្ឌា ក៏បានប្រកាសនៅថ្ងៃសុក្រថា នឹងហាមឃាត់ក្មេងជំទង់អាយុក្រោម ១៦ ឆ្នាំប្រើប្រាស់បណ្ដាញសង្គម ដែលធ្វើឱ្យរដ្ឋ Karnataka ក្លាយជាតំបន់ដំបូងគេក្នុងប្រទេសឥណ្ឌាដែលអនុវត្តវិធានការបែបនេះ៕
ដោយ៖តារា










