ខេត្តកំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានណែនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយ។
ការណែនាំរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំការងារពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ និងការត្រៀមទទួលវត្តមានរបស់ថ្នាក់ដឹកនាំដែលនឹងអញ្ជើញបំពេញការងារ នៅខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីឈរជើងក្នុងខេត្ត អធិការនគរបាលក្រុង ស្រុក នាយកទីចាត់ និងប្រធានអង្គភាពចំណុះសាលាខេត្ត។
ក្នុងកិច្ចប្រជុំ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរជំនាញ សមត្ថកិច្ច ជាពិសេស អាជ្ញាធរមូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ ចំពោះមុខស្ថានភាពបច្ចុប្បន្ន ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ ក៏ដូចជាតម្លៃទំនិញទូទៅក្នុងខេត្ត និងមូលដ្ឋានផ្ទាល់ ហើយត្រូវចាត់វិធានការចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ស្ថិរភាពសង្គម។
លោក អភិបាលខេត្ត បន្ដថា ក្នុងករណីមានជនឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ ឬតម្លៃទំនិញទូទៅ មិនស្របតាមតម្លៃទីផ្សារ ឬតម្លៃដែលកំណត់ដោយក្រសួងពាក់ព័ន្ធ សូមជួយផ្ដល់ព័ត៌មានមក លោក ផ្ទាល់ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការសមស្រប ឬអាចផ្ដល់ព័ត៌មានមកលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាមរយៈលេខ ០៩៧ ៧៩៧ ៧៣០៣៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង















