អ៊ីរ៉ង់វាយប្រហាររ៉ាដាសំខាន់របស់អាមេរិក នៅហ្ស៊កដានី ដែលធ្វើឲ្យបញ្ហាការពារមីស៊ីលឈូងសមុទ្រកាន់តែពិបាក

ចែករំលែក៖

អន្តរជាតិ​៖​ ប្រទេសអ៊ីរ៉ង់បានបំផ្លាញប្រព័ន្ធរ៉ាដាដ៏សំខាន់មួយតម្លៃ ៣០០លានដុល្លារ ដែលមានសារៈសំខាន់ក្នុងការដឹកនាំតម្រង់ប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក នៅឈូងសមុទ្រ ដោយនេះបានផ្ដល់បញ្ហាប្រឈមកាន់តែខ្លាំងបន្ថែមទៀតដល់សមត្ថភាពរបស់តំបន់នេះ ក្នុងការទប់ទល់នឹងការវាយប្រហារនាពេលអនាគត។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីអាមេរិក ១រូប។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅមុននេះ ដោយដកស្រង់រូបភាពផ្កាយរណបពាណិជ្ជកម្ម បានឲ្យដឹងថា រូបថតផ្កាយរណប បានបង្ហាញថា រ៉ាដា RTX AN/TPY-2 និងឧបករណ៍គាំទ្រ ដែលប្រើប្រាស់ដោយប្រព័ន្ធការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក ត្រូវបានបំផ្លាញនៅមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី នៅប៉ុន្មានថ្ងៃដំបូងនៃសង្គ្រាម។ ក្រោយមក ការខូចខាតឧបករណ៍នេះ ត្រូវបានបញ្ជាក់ដោយមន្ត្រីអាមេរិកម្នាក់។

ទិន្នន័យដែលប្រមូលបានដោយវិទ្យាស្ថានស្រាវជ្រាវរបស់មូលនិធិការពារប្រជាធិបតេយ្យ បានបង្ហាញថា មានការវាយប្រហាររបស់អ៊ីរ៉ង់ចំនួន ២លើក នៅហ្ស៊កដានី លើកទី១ នៅថ្ងៃទី២៨ ខែកុម្ភៈ និងមួយលើកទៀតនៅថ្ងៃទី៣ ខែមីនា។ ការវាយប្រហារទាំង ២លើកនេះ ត្រូវបានរាយការណ៍ថា ត្រូវបានស្ទាក់ចាប់បាន។

លោក Ryan Brobst នាយករងមជ្ឈមណ្ឌលអំណាចយោធា និងនយោបាយនៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ បាននិយាយ៖ «ប្រសិនបើទទួលបានជោគជ័យ ការវាយប្រហាររបស់អ៊ីរ៉ង់ លើរ៉ាដា THAAD នឹងជាការវាយប្រហារដ៏ជោគជ័យបំផុតមួយរបស់អ៊ីរ៉ង់ រហូតមកដល់ពេលនេះ»។ តែទោះជាយ៉ាងណាក្ដី លោកបានបន្ថែមថា៖ «យោធាអាមេរិក និងដៃគូរបស់ខ្លួន មានរ៉ាដាផ្សេងទៀតដែលអាចបន្តផ្តល់ការគ្របដណ្តប់ដល់ការការពារដែនអាកាស និងមីស៊ីល ដោយកាត់បន្ថយការបាត់បង់រ៉ាដាណាមួយ»។

កាលពីថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានឲ្យដឹងថា កងកម្លាំងរបស់ពួកគេ បានកំណត់គោលដៅប្រព័ន្ធរ៉ាដា នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ហ្ស៊កដានី និងកាតា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print