ភ្នំពេញ៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយភ្នាក់ងារសារព័ត៌មានស៊ិនហួ (Xinhua) ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សន្និបាតរបស់ប្រទេសចិន យ៉ាងដូច្នេះថា៖ ទំនើបកម្មតាមបែបចិន មិនត្រឹមតែជាកម្លាំងចលករនៃដង្ហើមសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់នូវ “គំរូថ្មី” សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងបរិបទរៀងៗខ្លួន។
នៅក្នុងកិច្ចសម្ភាសន៍នោះ លោក សួស យ៉ារ៉ា បានផ្ដល់ទស្សនទានសំខាន់ៗលើចំណុចគន្លឹះចំនួន ៣ ដូចខាងក្រោម៖
១. លទ្ធិប្រជាធិបតេយ្យគ្មាន “រូបមន្តតែមួយសម្រាប់សកលលោក” លោកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នៃ “សន្និបាតពីរ” របស់ចិន បានបង្ហាញឱ្យពិភពលោកឃើញថា លទ្ធិប្រជាធិបតេយ្យមិនមែនមានស្តង់ដារអន្តរជាតិតែមួយ ដែលត្រូវបង្ខំឱ្យគ្រប់ប្រទេសអនុវត្តតាមនោះទេ។ ផ្ទុយទៅវិញ ប្រទេសនីមួយៗគួរតែមានសិទ្ធិពេញលេញក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ ដែលស្របទៅតាមប្រវត្តិសាស្ត្រ វប្បធម៌ និងតម្រូវការជាក់ស្តែងរបស់ប្រជាជនខ្លួន។
២. ប្រសិទ្ធភាពគោលនយោបាយ និងការលើកកម្ពស់ជីវភាពប្រជាជន
ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា រូបនេះ បានវាយតម្លៃខ្ពស់ចំពោះទំនើបកម្មបែបចិន ដែលផ្ដោតសំខាន់លើសសរស្តម្ភចំនួន ៣៖
• ប្រសិទ្ធភាពនៃការអភិវឌ្ឍ៖ សមត្ថភាពក្នុងការប្រែក្លាយផែនការ និងចក្ខុវិស័យឱ្យទៅជាលទ្ធផលជាក់ស្តែង។
• សន្តិភាព និងនិរន្តរភាពគោលនយោបាយ៖ ការរក្សាបាននូវស្ថិរភាពនៃការដឹកនាំ និងគោលនយោបាយក្នុងរយៈពេលវែង។
• ការលើកកម្ពស់ជីវភាព៖ ការតម្កល់សុខុមាលភាពរបស់ប្រជាជនជាស្នូលនៃរាល់ការអភិវឌ្ឍ។
និង៣. សារៈសំខាន់សម្រាប់បណ្តាប្រទេសនៅតំបន់ហ្គោប៊លសៅ (Global South)
តាមរយៈកិច្ចសម្ភាសន៍ដដែល លោក សួស យ៉ារ៉ា បានចាត់ទុកជោគជ័យរបស់ប្រទេសចិនថា ជាមេរៀនដ៏មានតម្លៃសម្រាប់បណ្តាប្រទេសនៅតំបន់ហ្គោប៊លសៅ (Global South) រួមទាំងកម្ពុជាផងដែរ ក្នុងការរៀនសូត្រពីការធ្វើទំនើបកម្ម ដោយមិនបោះបង់អត្តសញ្ញាណជាតិ និងការរក្សាបាននូវឯករាជ្យភាពនៃគោលនយោបាយរបស់ខ្លួន។
កិច្ចសម្ភាសន៍នេះបានឆ្លុះបញ្ចាំងពីការវាយតម្លៃខ្ពស់របស់មន្ត្រីជាន់ខ្ពស់កម្ពុជា ចំពោះម៉ូដែលអភិវឌ្ឍន៍របស់ចិន ដែលផ្ដល់នូវជម្រើសថ្មីប្រកបដោយបរិយាបន្ន និងការគោរពអធិបតេយ្យភាពសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅលើសកលលោក៕
ដោយ៖តារា










