ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី និងសហការី នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាគមជំរុញ ដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដឹកនាំដោយលោក វ៉ាង ថុង (Wang Tong) ប្រធានសមាគម។
ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលលោក វ៉ាង ថុង បានដឹកនាំប្រតិភូសមាគម មកជួបពិភាក្សាការងារនាពេលនេះ។
លោកអគ្គលេខាធិការ បានលើកទ្បើងពីភាពល្អប្រសើរ នៃស្ថានភាពវិនិយោគនៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុក ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។
មួយវិញទៀត លោកអគ្គលេខាធិការ ក៏បានស្នើសូមឱ្យសមាគមជួយជំរុញ ឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគក្នុងវិស័យកសិកម្មដូចជាស្វាយចន្ទី ដំទ្បូងមី អង្ករ និងឈើដាំជាដើម។
លោកអគ្គលេខាធិការ បានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កែច្នៃស្វាយចន្ទីសមាហរ័ណ និងផ្តល់ការលើកទឹកចិត្តពិសេស ដល់ការវិនិយោគនៅក្នុងតំបន់នេះ។
ជាកិច្ចបន្ទាប់ លោក វ៉ាង ថុង បានថ្លែងអំណរគុណជូនចំពោះ លោកអគ្គលេខាធិការដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមនាពេលនេះ។ លោកបានជម្រាបជូនថា សមាគមត្រូវបានបង្កើតទ្បើងនៅក្នុងឆ្នាំ២០២៤ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលចិន ហើយសមាគមមានក្រុមហ៊ុនចម្រុះនានារបស់ចិន ក្នុងវិស័យផ្សេងៗជាច្រើនជាសមាជិក។ លោកជម្រាបជូនអំពីគោលបំណងវិនិយោគលើការកែច្នៃស្វាយចន្ទី និងការបង្កើតភណ្ឌាគារគយមានដែនកំណត់។
អគ្គលេខាធិការ បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ដល់គម្រោងវិនិយោគកែច្នៃស្វាយចន្ទីនេះ។
អគ្គលេខាធិការ បានបង្ហាញនូវសុទិដ្ឋិនិយមថា គម្រោងដ៏វិសេសវិសាលនេះ នឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ ហើយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុត ក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុន ក្នុងដំណើរការចុះបញ្ជីគម្រោងវិនិយោគ៕
ដោយ៖តារា










