ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សិស្ស និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រិតសម្រាំង និងសម្រួចគុណភាព នៃការអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញផ្សេងៗដល់សិស្ស និស្សិតនគរបាល រួមទាំងឥរិយាបថ និងក្រមសីលធម៌ល្អ។
ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បង្ហាញការកត់សម្គាល់អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ថ្មីៗនៅបណ្ឌិត្យសភានគរបាលកម្ពុជា ឈរលើមូលដ្ឋាននៃមរតកសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត បច្ចុប្បន្នបណ្ឌិត្យសភានគរបាលកម្ពុជា មានគ្រូឧទ្ទេស និងសាស្ត្រាចារ្យមានសមត្ថភាពខ្ពស់ និងបទពិសោធគ្រប់គ្រាន់ ក្នុងការបណ្ដុះបណ្ដាលធនធាននគរបាលឱ្យមានគុណភាពស្តង់ដារ។ ជាមួយគ្នានេះ សាលាក៏បានរៀបចំចងក្រងនូវកម្មវិធីសិក្សា និងមេរៀនយ៉ាងច្បាស់លាស់ ស្របតាមបច្ចេកទេសទំនើប និងស្ថានភាពជាក់ស្តែងនៃសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស និស្សិត ក្នុងការឈ្វេងយល់ឱ្យបានឆាប់រហ័ស និងអាចយកទៅអនុវត្តផ្ទាល់ក្នុងប្រតិបត្តិការជំនាញបានយ៉ាងមានប្រសិទ្ធភាព។
បន្ថែមពីនេះ ដើម្បីបង្កើនគុណវុឌ្ឍិ និងសមត្ថភាពឱ្យកាន់តែប្រសើរឡើងថែមទៀត ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ថា បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានបញ្ជូនមន្ត្រី គ្រូ និងសិស្ស និស្សិតមួយចំនួន ទៅសិក្សាបន្ថែមនៅក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធ និងបច្ចេកវិទ្យាទំនើបៗពីបណ្តាប្រទេសជឿនលឿន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញក្ដីសង្ឃឹមយ៉ាងជឿជាក់ថា ផ្អែកលើវឌ្ឍនភាពជាបន្តបន្ទាប់មកនេះ ក្នុងរយៈពេលប្រហែល៥ឆ្នាំទៅមុខទៀត ការធ្វើទំនើបកម្មលើការបណ្តុះបណ្តាល និងការបន្តអភិវឌ្ឍសមត្ថភាពឥតឈប់ឈរ នឹងបង្កើនជ័យលាភីសិស្ស និស្សិតកាន់តែមានគុណភាព និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ពីវេទិកាអធិបតីនោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យស្នងការ នៃស្នងការដ្ឋានរាជធានី ខេត្ត បង្កើនការធ្វើបទបង្ហាញ តម្រង់ទិសដល់សិស្ស និស្សិតដែលជាប់ និងត្រៀមទៅបំពេញការងារនៅតាមអង្គភាពចំណុះ រួមទាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ដើម្បីឱ្យមន្ត្រីទាំងអស់នោះ យល់ច្បាស់ពីចក្ខុវិស័យ និងអ្វីដែលថ្នាក់ដឹកនាំចង់បាន ចេះរបៀបរបបធ្វើការងារ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា បន្តអនុវត្តបេសកកម្មដ៏មានសារៈសំខាន់របស់ខ្លួន ដោយស្មារតីប្តេជ្ញាចិត្តខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ ដើម្បីសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវបន្តលើកកម្ពស់គុណភាពបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវរបស់កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ស្របតាមពាក្យស្លោក “បណ្ដុះបណ្ដាលមានគុណភាព គឺកសាងកម្លាំងមានសមត្ថភាព”។
ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា បន្តអនុវត្តផែនការបណ្ឌិត្យសភាឌីជីថល ឱ្យក្លាយជាគ្រឹះនៃការបណ្ដុះបណ្ដាលទំនើប ដោយបញ្ចូលបច្ចេកវិទ្យា នវានុវត្តន៍ និងចំណេះដឹងឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងលឿនរបស់សង្គម និងបញ្ហាសន្តិសុខក្នុងយុគសម័យថ្មី ជាពិសេសការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាមរបាយការណ៍ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជ័យលាភីដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនាឱកាសនោះ រួមមាន និស្សិតនាយនគរបាលបន្តវេន និងមន្ត្រីពន្ធនាគារ ថ្នាក់បរិញ្ញាបត្រ ចំនួន ២០៧នាក់ និងសិស្សនគរបាលថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ ចំនួន ១០០នាក់។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់សិស្ស និស្សិតជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញឯកទេសដែលទទួលបាន ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងអង្គភាព ដោយតម្កល់ស្មារតីជាអ្នកបម្រើប្រជាពលរដ្ឋពិតប្រាកដ។ ទន្ទឹមនឹងនេះ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង និងច្បាប់រដ្ឋ ដើម្បីក្លាយជាមន្ត្រីគំរូដែលប្រជាពលរដ្ឋទុកចិត្ត ព្រមទាំងត្រូវបន្តស្វ័យសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធពីរៀមច្បងឥតឈប់ឈរ ដើម្បីអភិវឌ្ឍខ្លួនជាធនធានមនុស្សដែលមានតម្លៃសម្រាប់ក្រសួងមហាផ្ទៃ និងសង្គមជាតិទាំងមូល៕










