ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះថា៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានពីរជម្រាបជូនជនរួមជាតិជ្រាប៖
ទី១៖ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតចំពោះគ្រួសារយុទ្ធជនពលី៖
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសារវីរកងទ័ពពលី នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង និងបាននាំអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជា ថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដី និងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះក្រុមគ្រួសារសពផងដែរ។
ការប្រគល់ផ្ទះថ្មីនិងអំណោយសម្បុរសធម៌ជាច្រើន រួមទាំងការជួយជ្រោមជ្រែងជីវភាពគ្រួសារ និងកូនៗរបស់វីរយុទ្ធជនពលី គឺជាសកម្មភាពដ៏លេចធ្លោមួយដែលលោកជំទាវបណ្ឌិតតែងតែធ្វើជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ នៅក្នុងបណ្តាខេត្តនានាដែលស្តែងឱ្យឃើញពីការផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត លើគ្រួសារយុទ្ធជនពលីដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ។ សកម្មភាពនេះក៏សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដី និងការពារសេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី និងការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។
សម្រាប់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការស្វះស្វែងរកបទឈប់បាញ់ និងការគោរពនិងអនុវត្តបទឈប់បាញ់ គឺជាការផ្តល់តម្លៃដល់ជីវិតមនុស្ស ពោលគឺជាការបញ្ចប់ការស្លាប់ ការរងរបួស និងការខូចខាតផ្សេងៗទៀតមកលើប្រជាពលរដ្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសង្គម ហើយងាកមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការការទូតវិញ។ ជម្រើសសន្តិភាពនេះ ទទួលបានការសាទរនិងគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ ការតបស្នងសងគុណចំពោះគ្រួសារវីរយុទ្ធជនពលី គឺជាគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាគ្រប់រូប ខណៈដែលរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនយ៉ាងសកម្មដោយមធ្យោបាយសន្តិវិធីតាមរយៈយន្តការការទូត។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
ទី២៖ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាក៏បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ៖
ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូនានា រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ចដូចខាងក្រោម៖
– ត្រូវលក់តាមតម្លៃដែលស្ថានីយនិងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈដោយយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ
– ត្រូវធានាសុក្រឹតភាពនៃគុណភាពនិងបរិមាណប្រេងឥន្ធនៈ ដែលត្រូវលក់ជូនអតិថិជន
– ត្រូវធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិ(ឬស្តុក)ប្រេងឥន្ធនៈដែលមាន ជាពិសេសត្រូវជូនដំណឹងជាមុនយ៉ាងតិច ១ថ្ងៃ មកកាន់មន្ទីររ៉ែនិងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត ក្នុងករណីប្រេងឥន្ធនៈអស់ពីស្តុក ឬមានបំណងផ្អាកលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន
– ក្នុងករណីអស់ស្តុក ត្រូវជូនដំណឹងជាសាធារណៈនៅថ្ងៃដែលមានស្តុកប្រេងឥន្ធនៈវិញ
– ត្រូវធានាតម្លាភាព និងគណនេយ្យភាពនៃស្តុកប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ ដោយជូនដំណឹងមកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្តអំពីស្ថានភាពស្តុកជាក់ស្តែង ១០% មុនពេលអស់ស្តុក។
ចំពោះស្ថានីយ និងដេប៉ូដែលមានបំណងផ្អាកដំណើរការជាបណ្តោះអាសន្ន៖
– ត្រូវអនុវត្តតាមនីតិវិធីនៃការផ្អាកជាបណ្តោះអាសន្នរបស់ស្ថាប័នមានសមត្ថកិច្ចទើបអាចផ្អាកការលក់ចែកចាយរបស់ខ្លួនបាន
– ចំពោះស្ថានីយនិងដេប៉ូ ដែលបានទទួលការវាយតម្លៃថា អាចដំណើរការឡើងវិញបាន ត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីបំពេញនីតិវិធីបើកដំណើរការ
– ក្នុងករណីដែលរកឃើញថា បានប្រព្រឹត្តខុសនឹងសេចក្តីណែនាំនេះ ស្ថាប័នមានសមត្ថកិច្ចនឹងបន្តអនុវត្តនីតិវិធីនៃច្បាប់ជាធរមាន
ត្រូវផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់៖
– សេវាសាធារណៈចាំបាច់៖ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តបម្រើសេវាសាធារណៈ។ល។
– ប្រជាកសិករ និងបុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម ដែលមានតម្រូវការចម្បងក្នុងការរក្សាដំណើរការចាំបាច់នៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែនិងថាមពល និងអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយនិងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាដែលកេងប្រវ័ញ្ចនិងឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ៕
ដោយ៖សិលា










