លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំពង្រឹងវិធានការបង្ក្រាបបទល្មើស Scam Online និងត្រៀមលក្ខណៈការពារសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការបោសសម្អាតទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Scam Online) និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងភូមិសាស្ត្រខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

នៅក្នុងកិច្ចប្រជុំនេះ លោកស្នងការបានសង្កត់ធ្ងន់ទៅលើការងារគ្រប់គ្រងជនបរទេស និងទីតាំងដែលសង្ស័យថាមានការលួចលាក់ធ្វើអាជីវកម្មខុសច្បាប់។ លោកស្នងការបានដាក់បទបញ្ជាដល់អធិការនគរបាលក្រុង-ស្រុកទាំងអស់ ត្រូវត្រួតពិនិត្យទីតាំងស្នាក់នៅ ត្រូវចុះស្រាវជ្រាវ និងក្ដាប់ឱ្យជាប់នូវរាល់មធ្យោបាយធ្វើដំណើរ មិនថាការទិញ ឬជួល ដោយជនបរទេសដែលពាក់ព័ន្ធនឹងករណី Scam Online។ ត្រូវផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ផ្ទះជួល សណ្ឋាគារ ឬទីតាំងស្នាក់នៅនានា មិនឱ្យមានការលាក់បាំងព័ត៌មានស្នាក់នៅរបស់ជនបរទេស ឬអនុញ្ញាតឱ្យជួលទីតាំងដើម្បីប្រព្រឹត្តបទល្មើសឡើយ។ ជំរុញឱ្យមានការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមចំណុចប្រឈម និងតំបន់ដែលងាយកើតមានបទល្មើស ដើម្បីងាយស្រួលក្នុងការតាមដាន និងបង្ក្រាប។

 

ក្រៅពីបញ្ហា Scam Online លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានជំរុញឱ្យពង្រឹងការងារបង្ការ និងបង្ក្រាបក្រុមផ្លូវងងឹត ឬក្មេងទំនើង និងបញ្ហាគ្រឿងញៀនផងដែរ។ ក្នុងនោះ លោកស្នងការ បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធចុះធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់តាមបណ្តាសាលារៀន ចាប់ពីកម្រិតបឋមសិក្សាឡើងទៅ ដើម្បីឱ្យយុវជន និងកុមារបានយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀន និងច្បាប់ទម្លាប់។ ការត្រៀមលក្ខណៈសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីធានាបាននូវភាពសប្បាយរីករាយ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ លោកស្នងការបានណែនាំនូវចំណុចសំខាន់ៗគឺ មិនអនុញ្ញាតឱ្យមានការលេងបាញ់ទឹក ឬលេងប៉ាតម្សៅ នៅតាមទីសាធារណៈ ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ ឬប៉ះពាល់ដល់សណ្ដាប់ធ្នាប់ឡើយ។ កិច្ចប្រជុំនេះក៏បានពិភាក្សាលើការបែងចែកកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់ដល់កងកម្លាំង ដែលបានចុះអនុវត្តភារកិច្ចការពារសុវត្ថិភាពនៅតាមការិយាល័យបោះឆ្នោតនានា ឱ្យបានច្បាស់លាស់ និងមានតម្លាភាព។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស ថេង បានក្រើនរំលឹកដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើស្មារតីទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ និងរក្សាសន្តិសុខក្នុងខេត្តពោធិ៍សាត់ ឱ្យបានល្អប្រសើរជាដាច់ខាត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print